ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ២០ តុលាបានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ច ប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២១-២៥ តុលា នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។
កិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការសុខភាព ពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងទៀង ទាត់ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ ប្រទេសឬដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធីឬគម្រោង នានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា ក្នុងការពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារ ទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេស សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកពីជំហរកម្ពុជា ថា ទី១-ជាឱកាសផ្លាស់ប្តូរគំនិត យោបល់ និងគិតគូរួមគ្នា, ទី២-ពិនិត្យ និងស្វែងយល់កិច្ចការ ប្រឈមក្នុងតំបន់ និង កម្រិតសកល, ៣-រួមគ្នាស្វែងយល់ រិះរកវិធីសាស្ត្រ ដោះស្រាយ ពិសេសសម្រាប់ប្រទេស ប្រហាក់ប្រហែលគ្នា អំពីកត្តាប្រឈម ដូចជាកត្តាធនធានមនុស្ស (ទាំងគុណភាព និងបរិមាណ) និង ទី៥-ខិតខំឱ្យមានតុល្យភាពអំពីធនធានមធ្យោបាយ ទាំងផ្នែកបង្ការ និងព្យាបាល ដែលត្រូវមាននវានុវត្តន៍ និងទំនើបកម្មទទួលយកនិងអាចធ្វើបាន ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏នឹងអញ្ជើញ ធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ មួយចំនួនស្តីពីលទ្ធផលសម្រេចបាន ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា និងផែនការអាទិភាព សុខាភិបាល ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
នៅក្នុងឱកាសបេសកកម្ម ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយ លោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ។ យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យ និង កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាព របស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជារួមចំណែកឈាន ទៅសម្រេចយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការគ្របដណ្ដប់សុខភាព ជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ៕