ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របសើ គ.ជ.ប. ស្តីពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ទទួលជួបសវនាការជាមួយ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ឆ្លើយតបតាមសំណើរបស់លោករដ្ឋទូតម៉ាឡេស៊ី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០ នៅទីស្តីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី រួមជាមួយសហការីស្ថានទូត ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងស្ថាប័ននីតិបញ្ញត្តិ តួនាទីរបស់ស្ថាប័ននេះ ប្រព័ន្ធគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតសមាមាត្រនៅកម្ពុជា។
ជាដំបូង លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានស្វាគមន៍ប្រតិភូម៉ាឡេស៊ី ដែលមាន លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ព្រមទាំងសហការីស្ថានទូតប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីពិភាក្សាការងារ។ ជាកិច្ចឆ្លើយតប ប្រតិភូម៉ាឡេស៊ី បានថ្លែងអំណរគុណដល់លោកប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបជាមួយប្រតិភូម៉ាឡេស៊ី។
ជាកិច្ចបន្ត ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី ដោយសង្ខេបអំពីស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា និងតួនាទីរបស់ស្ថាប័នទាំងពីរនេះ។ លោក បានមានប្រសាសន៍បន្តថា ស្ថាប័នទាំងពីរនេះ ជាអង្គការនីតិបញ្ញត្តិ បំពេញតួនាទីរបស់ខ្លួន តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានចែងអំពីតួនាទីរបស់ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។ ជាទូទៅច្បាប់ទាំងឡាយ ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលមករដ្ឋសភា ប៉ុន្តែមានសេចក្តីព្រាងច្បាប់ខ្លះផ្តួចផ្តើមឡើង ដោយក្រុមសមាជិកសភាផងដែរ។ នៅពេលរដ្ឋសភាអនុម័តច្បាប់រួច បញ្ជូនសេចក្តីព្រាងច្បាប់នោះទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត រួចព្រឹទ្ធសភាបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ រួចបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខា។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីចំនួនមណ្ឌលបោះឆ្នោត និងអំពីចំនួនអាសនៈនៅតាមមណ្ឌលបោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា។ មណ្ឌលបោះឆ្នោតណា ដែលមានប្រជាពលរដ្ឋច្រើនជាងគេ មណ្ឌលនោះមានអាសនៈច្រើនដែរ ដូចជាមណ្ឌលបោះឆ្នោតនៅរាជធានីភ្នំពេញ មាន ១២អាសនៈ ហើយមណ្ឌលបោះឆ្នោត ដែលមានប្រជា-ពលរដ្ឋតិចជាងគេ គឺមាន ១ អាសនៈ។ ចំណែករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានចំនួន ១២៥ អាសនៈ។ ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ តាមរាជធានី ខេត្ត ដោយយក រាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានធ្វើឡើងចំនួន ៧លើក រួចមកហើយ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅចំនួន ៥លើក រួចមកហើយដែរ។
លោក បានបញ្ជាក់ជូនថា សមាជិកព្រឹទ្ធសភា មានចំនួន ៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភា ចំនួន២រូប ត្រូវបានតែងតាំង ដោយព្រះមហាក្សត្រ និង២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ ដោយឡែក សមាជិក ៥៨រូបទៀត ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតអសកល។
ជារួម លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូម៉ាឡេស៊ី នូវគោលការណ៍សំខាន់ៗ អំពីតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិ ដោយលោកបានបញ្ជាក់ថា នោះមិនមែនជាសមត្ថកិច្ច របស់ គ.ជ.ប ទេ ប៉ុន្តែប្រសិនបើភាគីម៉ាឡេស៊ី មានចម្ងល់អ្វីពាក់ព័ន្ធនឹងការបោះឆ្នោត នោះលោកនឹងត្រៀមឆ្លើយបំភ្លឺជូនជានិច្ច។
លោក Shaharuddin Onn បានថ្លែងអំណរគុណដល់លោកប្រធាន គ.ជ.ប ដែលបានផ្តល់ជូននូវខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងស្ថាប័ននីតិបញ្ញត្តិនៅកម្ពុជា ជាមួយគ្នានេះ លោកក៏បានចែករំលែកព័ត៌មាន អំពីស្ថាប័ននីតិបញ្ញត្តិនៅប្រទេសម៉ាឡេស៊ីថា ប្រទេសម៉ាឡេស៊ី មានសភាពីរថ្នាក់ដូចនៅកម្ពុជាដែរ គឺ រដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភារបស់ម៉ាឡេស៊ីមាន ២២២ អាសនៈ។ ចំណែកសមាជិកព្រឹទ្ធសភាមាន ៧០រូប ត្រូវបានតែងតាំង មិនមែនជ្រើសរើស ដោយការបោះឆ្នោតទេ។ ម្យ៉ាងទៀតនៅប្រទេសម៉ាឡេស៊ី ជារៀងរាល់ឆ្នាំ រដ្ឋសភា មានរៀបចំកម្មវិធីសម្រាប់យុវជនវ័យក្មេង ដែលជាអ្នកបន្តវេន។ ភាគីម៉ាឡេ ស៊ីស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍គ្នាដូចជា ទស្សនកិច្ចសិក្សា ដើម្បីសិក្សាបន្ថែមទៀត អំពីការបោះឆ្នោតនៅកម្ពុជា។
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្វាគមន៍ជានិច្ចប្រសិនបើចង់បានព័ត៌មាន។ ជាពិសេស គ.ជ.ប តែងតែមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ប្រសិនបើភាគីស្ថានទូតម៉ាឡេស៊ី ចាប់អារម្មណ៍នោះ គ.ជ.ប នឹងអញ្ជើញមកចូលរួម។ មុននឹងបញ្ចប់កិច្ចសវនាការភាគីទាំងពីរ បានថ្លែងអំណរគុណ និងជូនពរគ្នាទៅវិញទៅមក។ ជំនួបពិភាក្សាការងារបានប្រព្រឹត្តទៅ អស់រយៈពេលជាងមួយម៉ោង ប្រកបដោយភាពស្និទ្ធស្នាល៕