ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការរួមគ្នាបរិច្ចាគឈាម គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។
ក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិត ក្រោមម្លប់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរ ការមន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅថ្ងៃទី២៨ តុលា លោករដ្ឋមន្រ្តី ឈាង រ៉ា បានកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។
លោករដ្ឋមន្រ្តី បានថ្លែងថា «ការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសន្ដិភាពពេញលេញ»។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី ឈាង រ៉ា បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួន ក្នុងវិស័យសុខាភិបាល ដើម្បីទ្រទ្រង់សភាពការណ៍ ក្នុងករណីមានគ្រោះមហន្ដរាយដែលកើតឡើងជាយថាហេតុ ដូចជា៖
១-មន្ទីរពេទ្យគ្រប់កម្រិត ត្រូវត្រៀមរៀបចំក្នុងការព្យាបាលជំងឺឆ្លង ដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារាល់ឆ្នាំ ដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់។
២-ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារ ដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ។
៣-ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានា ដោយសហការជាមួយនឹងក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេស។
៤-ធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្ដរក្រសួងដែលពាក់ព័ន្ធរួមមាន សន្ដិសុខ ព័ត៌មានវិទ្យា អាជ្ញាធរ ភ័ស្ដុភារ និងផ្នែកពាក់ព័ន្ធនានា៕