ព័ត៌មានជាតិ

ADB អនុម័តប្រាក់កម្ចី ៨០លានដុល្លារ ពង្រឹងការអប់រំ កម្រិតមធ្យមសិក្សា នៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជា ការគិតស៊ីជម្រៅនិង ដោយភាពច្នៃប្រឌិត ការបង្រៀន ដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួត ប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុ ប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀត ក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរ ទៅរកសកម្មភាពសេដ្ឋកិច្ច ដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាព ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាព ប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ»។

លោកស្រី បន្ដថា កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផល នៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមាន គោលបំណង ពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។

ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ៣៥.៥% នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សា មិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ ក្មេងប្រុសដែលត្រូវរួមចំណែក ប្រាក់រកចំណូលគ្រួសារ ។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យ ឆ្លើយតបនឹងតម្រូវ ការដើម្បីបង្រៀន សិស្សបច្ចុប្បន្ន ។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំ ពិសេសត្រូវប្រឈម នឹងឧបសគ្គកាន់តែខ្លាំង ដើម្បីទទួលបានការអប់រំ មធ្យមសិក្សាប្រកបដោយគុណភាព។

សូមបញ្ជាក់ថា គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្ស ដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍ បច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំ ពិសេស។ គម្រោងនេះ នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម ៕

To Top