ព័ត៌មានជាតិ

លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ អាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

សិង្ហបុរី៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ (The 13th ASEAN Plus three labour minister meeting – 13th ALMM+3) ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់ នវានុវត្តន៍” នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពី រដ្ឋមន្ត្រី/ប្រធានប្រតិភូ ក្រសួងការងារ នៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានបូកបី រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ, រួមនិងរដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍, និងលោកអគ្គលេខាធិការអាស៊ាន ។

នៅក្នុងកិច្ចប្រជុំនេះ លោក ហេង សួរ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹងភាពធន់ និងការលេីកកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។ ជាក់ស្តែង ប្រទេសទាំងបីបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា រួមមាន៖

១- កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពធន់តាមរយៈ “គម្រោងពង្រឹងជំនាញអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា” ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គំនិតផ្តួចផ្តើមនេះ បានបង្កើនជំនាញ និងការអភិវឌ្ឍន៍លើសេវា និងប្រព័ន្ធព័ត៌មានទីផ្សារការងារ រួមជាមួយនឹងការជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ រវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ។

២- កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បាននិងកំពុងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) នៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដទៃទៀត ពិសេសលើវិស័យសំណង់ ដែលនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតផងដែរ។

៣- ភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ បាននិងជំរុញវិស័យបណ្តុះបណ្តាលបច្ចេកទេស (TVET) នៅកម្ពុជា ពិសេសលើផ្នែកឌីជីថលភាវូបនីយកម្ម ដែលធ្វើឱ្យកម្លាំងពលកម្មនៅក្នុងតំបន់អាស៊ានកាន់នៅតែមានភាពប្រកួតប្រជែង ស្របតាមបរិបទការងារសកលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផល នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសអាស៊ានបូកបីទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Statement) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារគោលក្នុងការអនុវត្ត ការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕

To Top