ភ្នំពេញ ៖ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិក ទាំង១៣២ របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានផ្តល់ឥណទាន សរុបចំនួន ៥,១១ពាន់លានដុល្លារ ដល់អតិថិជន ១,៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២,២១ប៊ីលានដុល្លា ពីអតិថិជន ជិត២លានគណនី ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន CMA។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំសន្និសីទ មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ របស់ខ្លួនដោយជោគជ័យ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងដៃគូអន្តរជាតិ ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ»។
សន្និសីទដែលរៀបចំឡើងនៅខេត្តសៀមរាប បានបង្ហាញការ ប្តេជ្ញារបស់សមាគមក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើន ប្រកប ដោយការទទួលខុសត្រូវ ស្របតាមគោលដៅ អភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យកម្ពុជា ក្លាយជាគំរូ សម្រាប់ហិរញ្ញប្បទាន ប្រកបដោយនិរន្តភាព។
ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើបេសកកម្មរបស់សមាគមក្នុងការពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកស្រី មានប្រសាសន៍ថា «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន ។ យើងកំពុងធ្វើការងាររួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលបម្រើប្រជាជនគ្រប់ៗរូប»។
លោកស្រី ក៏បានរំលេចផងដែរ នូវការប្តេជ្ញា របស់សមាគម ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន នៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤,៤% នៃចំនួនប្រជាជនកម្ពុជា។
គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីដ៏ចាំបាច់ក្នុងបេសកម្មនេះ ដោយបានផ្តល់ឥណទានសរុបចំនួន ៥,១១ពាន់លានដុល្លារដល់អតិថិជន ១,៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២,២១ប៊ីលានដុល្លា ពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។ កិច្ចខិតខំប្រឹងប្រែង ដែលកើតចេញ ពីការប្តេជ្ញាចិត្តនេះ មិនត្រឹមតែផ្តល់ លទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុ ដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំង បានបង្កើតការងារ ក្នុងស្រុកដោយផ្ទាល់ចំនួន ២១.០០០នាក់ ដែលកំពុងបម្រើការងារ តាមការិយាល័យចំនួន៩០០។
ផ្នែកដ៏សំខានមួយទៀត នៃសន្និសីទនៅឆ្នាំនេះ គឺការរំលេចប្រព័ន្ធទូទាត់បាគង ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិ នៃកម្ពុជា នៅឆ្នាំ២០២០ ។ បច្ចុប្បន្នបាគង មានអ្នកប្រើប្រាស់ជាប្រចាំចំនួន ១០លានគណនី ដោយបានភ្ជាប់សេវាហិរញ្ញវត្ថុ បែបប្រពៃណីទៅ នឹងប្រជាជន ដែលមិនទាន មានគណនីធនាគារ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ឌីជីថល ដែលមានល្បឿនលឿន និងតម្លៃថោក ។ ប្រព័ន្ធទូទាត់នេះ ទទួលបានការសាទរជាអន្តរជាតិ ដោយសារការពន្លឿន បរិយាបន្នហិរញ្ញវត្ថុ ហើយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំ ក្នុងការគាំទ្រដល់ដំណើរ វិវឌ្ឍឆ្ពោះទៅរកភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់អតិថិជន ។
ខណៈដែលការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន នៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏កំពុងជំរុញហិរញ្ញវត្ថុបៃតង ផងដែរស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។ សមាគមក៏កំពុងសហការ ជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិត ស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និងអនាម័យក្នុង ចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកស្រី ឌិត នីតា មានប្រសាសន៍ថា «យើងលើកទឹកចិត្តគ្រឹះស្ថាន ជាសមាជិក របស់យើងឱ្យចាត់ទុកហិរញ្ញវត្ថុ បៃតង ថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ ដល់អតិថិជន និងបរិស្ថាន។ គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន»។
សូមបញ្ជាក់ថា តាមរយៈសន្និសីទពេញមួយថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃចំណេះដឹងហិរញ្ញវត្ថុអតិថិជន ការកសាងសមត្ថភាពគ្រឹះស្ថាន និងការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិវិជ្ជាជីវៈតឹងរឹង ដើម្បីបង្កើតបានវិស័យហិរញ្ញវត្ថុប្រកប ដោយតម្លាភាព និងភាពធន់។ សន្និសីទ បានអំពាវនាវឱ្យបន្តរួម សហប្រតិបត្តិគ្នា ប្រកបដោយសិទ្ធភាពក្នុងការជំរុញនិរន្តរភាពនិងបរិយាបន្នហិរញ្ញវត្ថុ ស្របតាមតម្រូវការប្រទេសកម្ពុជា និងអាទិភាពសកល។ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ ជាមួយនឹងការ ប្តេជ្ញារួមក្នុងការកសាងអនាគត របស់វិស័យហិរញ្ញវត្ថុប្រកប ដោយនិរន្តភាព និងបរិយាបន្ន ៕