ព័ត៌មានជាតិ

ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរ នារដូវវស្សានេះ

ភ្នំពេញ ៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះ មានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគូប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ នេះបើតាមហ្វេសប៊ុក អាជ្ញាជាតិអប្សរា ។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗ​នៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។

អ្នកជំនាញរូបនេះបញ្ជាក់ថា «ទឹកដែលប្រមូលបានទាំងនេះ មានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ ការប្រើប្រាស់នា រដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារ អភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ ប្រជាពលរដ្ឋ នៅតំបន់ជុំវិញប្រមាណ ៧ពាន់ហិកតា ។ បរិមាណនេះ គឺមានចំនួនប្រហាក់ ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ» ។

លោក ភឿន សុឃីម បន្ថែមថា ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណ​ក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២មក។ ជាងនេះទៅទៀត ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារសំខាន់ នៃការងារគ្រប់គ្រងទឹក ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាង នាឆ្នាំ២០២៤នេះ សំណង់ទ្វារទឹកមួយ ចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងបំណង ដើម្បីធានាថា ការងារគ្រប់គ្រងទឹក​ នឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ចំពោះការប្រើប្រាស់ទឹក វិញ លោក ភឿន សុឃីម គូសបញ្ជាក់ថា ទឹកមានសារសំខាន់​ នៅតំបន់ប្រាសាទ​ដោយសារបុព្វបុរស សម័យ មុនបានរៀបចំ និងកសាងប្រាសាទដោយមានគ្រឹះដីខ្សាច់ ដូច្នេះទើបកសាងកសិន្ធុជុំវិញ ដើម្បីបញ្ចូលទឹកឱ្យគ្រឹះរឹងមាំល្អ។ ប្រសិនគ្មានទឹក ប្រាសាទនឹងរងការដួលរលំ និងបាក់បែកខ្លាំង។ ក្រៅពីនេះ ទឹកក៏ជាបង្កើនសម្រស់ និងសោភ័ណភាពនៅតំបន់ប្រាសាទផងផង។ ទឹកក៏ជួយឱ្យដើមឈើលូតលាស់បានល្អ ទាក់ទាញទេសចរ ​និងជួយកាត់បន្ថយការកើនឡើងនៃរលកកម្ដៅខ្លាំងនារដូវប្រាំង៕

To Top