ភ្នំពេញ៖ តំណាងមនុស្សចាស់ប្រមាណ ២៤៧នាក់ មកពី២៥រាជធានី-ខេត្ត ព្រមទាំងជាតំណាងឲ្យមនុស្សចាស់ជាង ៣ម៉ឺននាក់ បានមកជួបជុំគ្នានៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី៤” ដែលប្រារព្ធឡើងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។
ជាមួយការគាំទ្រពីដៃគូរ និងម្ចាស់ជំនួយ អង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) បានសហការជាមួយបណ្តាញមនុស្សវ័យចាស់កម្ពុជា រៀបចំនូវវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី៤នេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចការងាររបស់សមាគមមនុស្សចាស់នៅទូទាំងប្រទេស ព្រមទាំងដើម្បីបានស្វែងយល់ និងពិភាក្សាលើវឌ្ឍនភាព និងទស្សនវិស័យរបស់ក្រសួង-ស្ថាប័នសំខាន់ៗ ដែលផ្តោតទៅលើវិស័យមនុស្សវ័យចាស់នៅកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការ អាទិភាពសំខាន់ៗរបស់មនុស្សចាស់។
កំណើនប្រជាជនវ័យចាស់ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហាប្រឈមដ៏ធំនេះ ខណៈដែលអត្រាចំនួនប្រជាជនវ័យក្មេង នឹងថយចុះជាលំដាប់។ យោងទៅតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UNDESA) ចំនួនមនុស្សនៅទូទាំងពិភពលោក ដែលមានអាយុចាប់ពី60ឆ្នាំឡើងទៅ មានប្រមាណ ១ពាន់លាននាក់ ក្នុងឆ្នាំ២០១៩។ ហើយចំនួននេះនឹងកើនឡើងដល់ប្រមាណ ១.៤ ពាន់លាននាក់នៅឆ្នាំ ២០៣០ និងកើនឡើងរហូតដល់ទៅ ២.១ ពាន់លាននៅឆ្នាំ ២០៥០។ ក្នុងនោះ ៨០% នៃមនុស្សវ័យចាស់ រស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
ប្រទេសកម្ពុជាយើង ក៏កំពុងតែប្រឈមទៅនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចាស់ ដូចជាបណ្តាប្រទេសនៅលើពិភពលោក។ អត្រាកំណើនប្រជាជនវ័យចាស់ និងអត្រាថយចុះនៃប្រជាជនវ័យក្មេង អាចជះឥទ្ធិពលយ៉ាងច្រើនទៅដល់ប្រព័ន្ធគាំពារសង្គម រួមទាំងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ដែលនឹងនាំអោយមានផលវិបាក ព្រមទាំងឱនភាពផ្នែកសេដ្ឋកិច្ច ជាមួយនឹងការថយពលចុះនូវផលិតភាព ឬពលកម្មការងារ និងចំណូល ខណៈដែលការចំណាយកាន់តែកើនឡើង ថែមទាំងអាចដាក់បន្ទុកកាន់តែធ្ងន់ទៅលើសង្គម និងគ្រួសារ។
លោក ទុំ វីរ៉ា ជានាយកប្រតិបត្តិ របស់អង្គការមនុស្សចាស់កម្ពុជា ក៏បានលើកឡើងថា កម្ពុជា ក៏មាននិន្នាការនៃការកើនឡើងនៃ ប្រជាជនវ័យចាស់ដូចប្រទេសនៅក្នុងតំបន់ និងសាកលលោកនេះដែរ។ យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចាស់ប្រមាណជាង ១,៣លាននាក់ ឬស្នើនឹង ៨.៩% ហើយចំនួននេះ ត្រូវបានព្យាករណ៍ថានឹងកើនឡើងអាចកើនឡើងដល់ ១,៩លាននាក់ ឬស្នើនឹង ១១% នៅឆ្នាំ២០៣០ និងកើនឡើងរហូតដល់ប្រមាណជាង ៥លាននាក់ ឬស្នើនឹង២៣% នៅឆ្នាំ២០៥០។ បើប្រព័ន្ធទិន្នន័យរបស់ UNESCAP បានបង្ហាញថា ឆ្នាំ២០២៤ កម្ពុជាមានមនុស្សចាស់កើនដល់ ១.៥សែននាក់ (គឺ ១០% នៃប្រជាជនបច្ចុប្បន្ន)។ អាចក្លាយជាប្រទេសដែលមានប្រជាជនវ័យចាស់ច្រើន (Aged Society) មុននឹងក្លាយជាប្រទេសអ្នកមាន ដែលចាំបាច់ត្រូវមានគោលនយោបាយ កម្មវិធីគាំពារ និងការអនុវត្តប្រកបដោយប្រសិទ្ធិភាព សម្រាប់ប្រជាជនវ័យចាស់ ក៏ដូចជាសម្រាប់យុវជន-ប្រជាជនដែលនឹងឈានចូលវ័យចាស់។
គួររំលឹកផងដែរថា ក្នុងវេទិការមនុស្សចាស់លើកទី១ លើកទី២ និងលើកទី៣ ដែលធ្វើឡើងតាំងពីឆ្នាំ២០២១ និងមានតំណាងមនុស្សចាស់ មកពី២៥រាជធានី-ខេត្ត នៃព្រះរាជាណាច្រកកម្ពុជា និងជាតំណាងឲ្យមនុស្សចាស់ជាង ៣ម៉ឺននាក់ ព្រមទាំងភាគីពាក់ព័ន្ធបានលើកឡើងនូវបញ្ហា និងតម្រូវការអាទិភាពសំខាន់ៗរបស់ពួកគាត់ ព្រមទាំងទទួចស្នើសុំអោយតំណាងរាជរដ្ឋាភិបាល ជួយគិតគូរ ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដោះស្រាយ ឬឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ដែលរួមមានដូចខាងក្រោម៖
-ទី១. ផ្តល់ប្រាក់ឧត្ថមដល់មនុស្សវ័យចាស់គ្រប់ៗគ្នា
-ទី២. ផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ
-ទី៣. ផ្តល់ប័ណ្ណសមធម៌សម្រាប់គ្រប់មនុស្សវ័យចាស់ទូទៅ
-ទី៤. ផ្តល់ដើមទុន ឬកម្មវិធីមុខរបរសម្រាប់មនុស្សចាស់
-ទី៥. រៀបចំអោយមានកម្មវិធីថែទាំមនុស្សចាស់
ព្រមទាំងតម្រូវការអាទិភាពមួយចំនួនទៀត ដែលតំណាងមនុស្សចាស់ទាំងអស់ ចង់ទទួលបានឃើញពីការយកចិត្តទុកដាក់ និងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជាចង់ឈ្វេងយល់ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិដែលពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ខាងលើ នាវេទិកាថ្នាក់ជាតិមនុស្សវ័យចាស់លើកទី៤នេះ ផងដែរ ៕