បាត់ដំបង៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្ដយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។
ការលើកឡើងរបស់ លោក ស សុខា នាឱកាសអញ្ជើញជាតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៤ នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
មានរបាយការណ៍ក្នុងឱកាសនោះ លោក ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាដណ្តើម ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ក្រោមប្រធានបទ៖ «យុវជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិតនិងចៀសឆ្ងាយពីគ្រឿងញៀន» ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម រួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡា ឱ្យកាន់តែរីកចម្រើនឈានដល់ការ សម្រេចបានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំ និងកីឡា។
ឯកឧត្តម ស រដ្ឋា បានឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡានេះចាប់ផ្ដើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤រហូតដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ដែលមាន៤វិញ្ញាសារួមមាន៖ បាល់ទាត់ បាល់ទះ វាយសី និងប៉េតង់។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង របស់ស.ស.យ.កខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤ គឺបានបង្ហាញសុខសន្តិភាព ការទំនាក់ទំនងល្អ សាមគ្គីភាព ភាតរភាព ចៀសផុតឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ជាពិសេសផ្នែកឧស្សាហកម្មទេសចរណ៍ក្នុងខេត្ត និងគួរជាទីចាប់អារម្មណ៍ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»។
លោក ស សុខា បានបង្ហាញសេចក្តីសោមនស្សយ៉ាងក្រៃលែងដែល ស.ស.យ.ក ខេត្តបាត់ដំបង បានផ្តួចផ្តើមបង្កើតការប្រកួតកីឡាដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ជាលើកទី២ និងបន្តធ្វើជារៀងរាល់ឆ្នាំ ក្នុងក្របខណ្ឌកម្រិតខេត្ត ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានចូលរួម ប្រកួតប្រជែងក្នុងគោលបំណង ៖ ទី១.បង្កើន និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ដែលជាសរសរទ្រូងប្រទេសជាតិ ឱ្យមានកាយសម្បទាមាំមួន កម្លាំងពលំខ្លាំងក្លា ជាស្នូលនៃការអភិវឌ្ឍខេត្ត ក៏ដូចជាជាតិមាតុភូមិទាំងមូល និងកាត់បន្ថយនូវភាពអសកម្ម និងអំពើអបាយមុខក្នុងជួរយុវជន និងទី២. គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាង ស.ស.យ.ក តាមបណ្តាក្រុង ស្រុក សហការក្នុងការងារឱ្យមានប្រសិទ្ធភាព និងមានទំនាក់ទំនងល្អ។
លោក ស សុខា សង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលនាអាណត្តិមុនៗ បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ក្នុងនោះមានបំណងចម្បងបំផុត គឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យពលរដ្ឋស្រលាញ់កីឡា និងមកលេងកីឡា ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត បង្កលក្ខណៈងាយស្រួល លើកកម្ពស់ និងលើកទឹកចិត្តដល់អត្តពលិកឆ្នើម ដែលទទួលបានជ័យលាភី។ ជាពិសេសកីឡា បានដើរតួនាទីសំខាន់ក្នុងកិច្ចការ ការទូត និងទំនាក់ទំនងអន្តរជាតិ ដែលជាចលករនាំឱ្យមាននូវសុខដុមភាពក្នុងសង្គមជាតិ ក៏ដូចជាក្នុងសកលលោកទាំងមូល»។
លោក ក៏បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវរៀបចំការប្រកួតប្រកបដោយ ការទទួលខុសត្រូវខ្ពស់ រៀបចំឱ្យមានស្ដង់ដារតែមួយដូចការ ប្រកួតលក្ខណៈជាតិនានាដែលនឹងផ្តល់ឱ្យ កីឡាករបានរៀនសូត្រនូវច្បាប់ បទបញ្ជា និងបច្ចេកទេសដ៏ជាក់លាក់ និងឈានទៅកាន់ការប្រកួតនានាបន្តទៀត។គណៈកម្មការបច្ចេកទេសទាំង ៤ប្រភេទកីឡា ជាពិសេសមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ត្រូវតែជាបុគ្គល ដែលមានការបណ្តុះបណ្តាលលើជំនាញជាក់លាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់ជូននូវសុក្រិតភាព យុត្តិធម៌ចំពោះអ្នកចូលរួមទាំងអស់៕