ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និង ឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន ព្រមទាំងបានលើកទឹកចិត្ត ក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរ នៅមានសក្តានុពលច្រើន ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួល នៃការពង្រឹងសហគមន៍ នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI Executive Committee) នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Muhaimin Iskandar បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់ អំពីសក្ដានុពលជាច្រើន ដែលប្រទេសទាំងពីរ អាចបំពេញឱ្យគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់អំពីសុខដុមរមនាសាសនា នៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំ យ៉ាងប្រសើរ នូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាពនៃអរិយធម៌ គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការបង្កើនឥទ្ធិពល នៅក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិ ព្រមទាំងលើកទឹកចិត្តក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរ នៅមានសក្តានុពលច្រើន។
សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលផ្តល់ឱកាសសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍រួម។
សម្ដេចបវរធិបតី ក៏បានបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំចំនួន ពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ, និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕