ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ។
នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ។
សម្តេចតេជោមានប្រសាសន៍បន្តថា តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព, កម្ពុជាបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើពិចារណាដោយប្រៀបធៀបជាមួយប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។
សម្តេចអតីតនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កម្ពុជាបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ។
សម្តេចអះអាងថែមទៀតថា “កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយ ផ្សេងៗ ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈ សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត” ។
សម្តេចតេជោឲ្យដឹងថា ផ្នែកលើសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការ ងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស ។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕