សៀមរាប៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។ ការរស់នៅជាមួយគ្រាប់មីនបាន ធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការ ទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក – ទាំងផ្លូវកាយ និងផ្លូវចិត្ត – គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល។
សម្តេចបវរធិបតី មានប្រសាសន៍ថា «វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាព ដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ។ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបានផ្ដល់នូវកិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត យើងបានបោះជំហានដ៏សំខាន់ ក្នុងការសម្រេចគោលដៅ»។
សម្តេចបវរធិបតី បន្ដថា មកទល់បច្ចុប្បន្ននេះ កម្ពុជា បានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ កម្ពុជា ក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ៕