សៀមរាប៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ទឹកដីរបស់កម្ពុជា ធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងអភិវឌ្ឍ។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ។
សម្តេចបវរធិបតី បន្ដថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង។ សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ។
សម្តេចបវរធិបតី បន្ថែមថា ប្រមាណ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ចំណែកនៅផ្ទៃដីនៅសល់ ត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងការអភិវឌ្ឍ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើង រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសកម្ពុជាបានប្រែក្លាយ ប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួន ទៅជាមេរៀនដ៏មានអានុភាព មួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការ ប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។
សូមរំលឹកថា មកទល់បច្ចុប្បន្ននេះ កម្ពុជា បានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ កម្ពុជា ក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ៕