ភ្នំពេញ៖ ក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន បានចូលជួបសម្ដែងការគួរសម ជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងបានលើកឡើងអំពីគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP។
ក្នុងជំនួបនេះ លោក Masaharu KOHNO មានប្រសាសន៍ថា លោកពិតជាកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែងរកសន្តិភាព ដល់ប្រទេសកម្ពុជា យ៉ាងពិតប្រាកដ។
លោកបានបន្តថា ចាប់តាំងពីពេលដែលលោកបានជួប សម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ លោកតែងតែគោរពសម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អ របស់ប្រទេសជប៉ុន។
លោក KOHNO បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ជូនប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។លោកបានបញ្ជាក់ថា ករណី PKO នេះបានធ្វើប្រទេសជប៉ុន ផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១ ទៅកម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តាប្រទេសដទៃទៀតជាបន្តបន្ទាប់។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុននិងចូលរួមជាមួយជប៉ុន នូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។
លោកបានកត់សម្គាល់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែនជាដើម។ លោកបានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និងជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុនក៏មានជំនឿ និងទំនុកចិត្តយ៉ាងខ្លាំង លើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន»។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ពាក្យពេជន៍កោតសរសើរ និងសកម្មភាពដែលលោក Masaharu KOHNO បានធ្វើជូនកម្ពុជា។
សម្តេច បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ សម្តេច បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុល ដែលកម្ពុជាជំពាក់ជប៉ុន ក៏ប៉ុន្តែ ជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែទឹកជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។
សម្តេចតេជោ បានបញ្ជាក់ជូនបេសកកជន ថាកម្ពុជាបន្តគាំទ្រចំពោះមិត្តជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាមគោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។
សម្តេចបានសង្កត់ធ្ងន់ថា «កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើម ចក្ខុវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ»។
សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុន ក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។
សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរ ក្នុងការរៀបចំកីឡាអូឡាំពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម។
សូមរំលឹកថា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាច សហរដ្ឋអាមេរិកនិងចិន យើងអាចកត់សម្គាល់បានថា ចិននិងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រើប្រាស់យន្តការ ចំនួន២ចំបង ដើម្បីធ្វើការប្រកួតប្រជែងនិងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។
ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។
FOIP គឺជាទស្សនទានថ្មី ដែលត្រូវបានអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានលើកឡើងនៅក្នុងឆ្នាំ២០០៦ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា ដោយលោកបានលើកឡើងអំពីសារៈសំខាន់ នៃការប្រសប់នៃមហាសមុទ្រពីរ (The Confluents the two oceans) នោះគឺមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ទស្សនទាននៃការប្រសប់របស់មហាសមុទ្រទាំងពីរនេះគឺ ពុំទទួលបានការគាំទ្រនោះទេ ហើយគំនិតនេះបានស្ងប់ទៅវិញ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីអាបេ ស៊ីនហ្សូ បានជំរុញជាថ្មីម្ដងទៀតនូវទស្សនទាននេះ។ ការជុំវិញជាលើកទីពីរនេះបានទទួលនូវការគាំទ្រពីប្រទេសដទៃទៀត ជាពិសេសគឺសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ឥណ្ឌាក្រោមរដ្ឋបាលរបស់លោកម៉ូឌី និងអូស្ត្រាលី។ រដ្ឋបាលត្រាំ បានជំរុញកាន់តែខ្លាំងនូវទស្សនទានយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ នៅក្នុងឆ្នាំ២០១៧។ ក្រោយការជំរុញឲ្យបានជោគជ័យនូវទស្សនទាននេះ ប្រទេសជាច្រើនបានយកចិត្តទុកដាក់ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករៀងៗខ្លួន៕