បរទេស៖ តម្លៃលោហៈដ៏មានតម្លៃបានធ្លាក់ចុះ ៣ភាគរយ បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែល និងក្រុមហេសបូឡា ជិតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយលោក Trump មានជម្រើសសុវត្ថិភាពសម្រាប់តំណែង ជារដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៥ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានធ្លាក់ចុះ ៩១ ដុល្លារ មកដល់ ២.៦២៤ ដុល្លារក្នុងមួយអោន។ នេះជាការធ្លាក់ចុះប្រចាំថ្ងៃយ៉ាងខ្លាំងបំផុត ចាប់តាំងពីវគ្គជួញដូរនៅថ្ងៃទី ៧ ខែមិថុនា។ នៅព្រឹកនេះ តម្លៃបានបន្តធ្លាក់ចុះ ដែលបច្ចុប្បន្ននៅតម្លៃ ២.៦១៨ ដុល្លារ។
ការអភិវឌ្ឍន៍នេះបានបញ្ចប់វគ្គបន្ត នៃការកើនឡើងមាសចំនួន ៥ ជាប់ៗគ្នាកាលពីសប្តាហ៍មុន។ ការតែងតាំងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដើម្បីឱ្យមហាសេដ្ឋីផ្នែកវិនិយោគ គឺលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាជម្រើសសុវត្ថិភាពសម្រាប់ទីផ្សារហិរញ្ញវត្ថុ ដែលបណ្តាលឱ្យតម្រូវការមាសធ្លាក់ចុះ។
លោក Daniel Ghali អ្នកយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុន TD Securities បានអត្ថាធិប្បាយថា “លើសពីនេះ ព័ត៌មានដែលថា អ៊ីស្រាអែល និងលីបង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ហេសបូឡាហ៍ គឺវាកាន់តែដាក់សម្ពាធលើមាស” ។
មាសត្រូវបានគេចាត់ទុកថា ជាជម្រកសុវត្ថិភាពក្នុងអំឡុងពេល នៃភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច និងនយោបាយ ដូចជាជម្លោះយោធា ឬសង្គ្រាមពាណិជ្ជកម្ម។ លោក Giovanni Staunovo អ្នកវិភាគនៅ UBS បាននិយាយថា ទីផ្សារមើលឃើញ លោក Bessent ជាជម្រើសអវិជ្ជមានតិចជាង នៅក្នុងសេណារីយ៉ូសង្រ្គាមពាណិជ្ជកម្ម។ ភាគហ៊ុនអាមេរិកក៏បានកើនឡើងផងដែរនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខណៈដែលវិនិយោគិនសង្ឃឹមថា លោក Bessent នឹងជួយបន្ថយទិន្នផលសញ្ញាប័ណ្ណ (ប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់ រវាងបុគ្គលបោះផ្សាយមូលបត្របំណុល) ។
កាលពីសប្តាហ៍មុន តម្លៃមាសបានកើនឡើងជិត ៦ភាគរយ ដែលជាការកើនឡើងប្រចាំសប្តាហ៍ ដ៏ធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣ ដែលភាគច្រើនដោយសារតែការកើនឡើង នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅសប្តាហ៍នេះ វិនិយោគិននឹងទទួលបានព័ត៌មានសំខាន់ៗ មួយចំនួនដែលអាចមានឥទ្ធិពល លើការសម្រេចចិត្តអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក។ ទាំងនេះរួមបញ្ចូលទាំងកំណត់ហេតុ នៃកិច្ចប្រជុំខែវិច្ឆិការបស់ Fed កែប្រែតួលេខ GDP ត្រីមាសទីបី និងសន្ទស្សន៍តម្លៃចំណាយផ្ទាល់ខ្លួន (PCE) – រង្វាស់អតិផរណាដែលពេញចិត្តរបស់ Fed ៕
ប្រែសម្រួលៈ ណៃ តុលា