ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅពេលវិនិយោគិន ជ្រើសរើសប្រទេសកម្ពុជា ពួកគេមិនត្រឹមតែជ្រើសរើស កន្លែងវិនិយោគប៉ុណ្ណោះទេ ពួកគេក៏កំពុងក្លាយជាតួអង្គ ក្នុងការកសាងអនាគត ប្រកបដោយចីរភាព ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជឿថា ការការពារបរិស្ថានរបស់កម្ពុជា ក៏ជាការការពារផល ប្រយោជន៍របស់វិនិយោគិនផងដែរ ។ ដោយសារតែទីផ្សារពិភពលោក មានការទាមទារ កាន់តែច្រើនឡើង ទាក់ទងនឹងខ្សែ ច្រវាក់ផ្គត់ផ្គង់បៃតង កម្ពុជាអាចផ្តល់ជូនវិនិយោគិន នូវអត្ថប្រយោជន៍ ដែលមានភាពប្រកួតប្រជែង។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវថាមពលកកើតឡើងវិញ ៧០ភាគរយនៅឆ្នាំ ២០៣០ និង ឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ គឺជាការផ្ញើសារយ៉ាងច្បាស់ថា នៅពេលដែលវិនិយោគិន ជ្រើសរើសប្រទេសកម្ពុជា ពួកគេមិនត្រឹមតែជ្រើសរើស កន្លែងវិនិយោគប៉ុណ្ណោះទេ ពួកគេក៏កំពុងក្លាយជាតួអង្គ ក្នុងការកសាង អនាគតប្រកប ដោយចីរភាពផងដែរ»។
សម្តេចបវរធិបតី បន្ដថា ទីតាំងអំណោយផលរបស់កម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងយុទ្ធសាស្ត្រ ប្រកបដោយភាព ងាយស្រួល នៅក្នុងការតភ្ជាប់ជាមួយអាស៊ី និង អនុតំបន់មេគង្គ ។ នេះគឺជាមូលហេតុ ដែលរាជរដ្ឋាភិបាល របស់សម្តេច បានកំណត់យកការតភ្ជាប់ក្នុងតំបន់ជាអាទិភាពកំពូលរបស់យើង។ តាមរយៈ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធ ដឹកជញ្ជូន អន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា» គឺយើងមិន ត្រឹមតែសាង សង់ផ្លូវប៉ុណ្ណោះទេ យើងកំពុងបង្កើត ច្រករបៀងពាណិជ្ជកម្ម តាមរយៈការរួមបញ្ចូលគ្នាជាបណ្តាញផ្លូវថ្នល់ ផ្លូវដែក និង ផ្លូវទឹក។ ដូច្នេះការជ្រើសរើសប្រទេសកម្ពុជា មានន័យថា «ជាការជ្រើសរើសទីតាំង ដែលអាចកាត់បន្ថយការចំណាយ និងអាចបង្កើនល្បឿននៃការដឹកជញ្ជូន»។
សម្តេចបវរធិបតី បន្ថែមថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេង ជាងគេនៅអាស៊ី ដោយពីរភាគបី នៃប្រជាជនកម្ពុជា មានអាយុក្រោម៣៥ឆ្នាំ ។ មានប្រជាជន រាប់លាននាក់ ដែលមានគំនិតភ្លឺស្វាង និង មានចំណេះដឹង បច្ចេកវិទ្យា ចង់បង្កើតគំនិតច្នៃប្រឌិត និង បំប្លែងគំនិត ឱ្យទៅជាការពិត ។ ដោយការទទួល ស្គាល់នូវកាលានុវត្តភាពនេះ បានចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដែលផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈគ្រប់ជ្រុងជ្រោយ ដល់យុវជនកម្ពុជាចំនួន ១,៥ លាននាក់។
សម្តេចបវរធិបតី បន្ថែមទៀតថា សិស្សវិទ្យាល័យ និង សាកលវិទ្យាល័យរបស់កម្ពុជា តែងតែចូលរួមការប្រកួតប្រជែង មនុស្សយន្តអន្តរជាតិជារៀងរាល់ឆ្នាំ ហើយពួកគេបានឈ្នះមេដាយ ជាច្រើនផងដែរ ។ សម្ដេច ថា «ពួកគេគឺជាកម្លាំងចលករ ដែលនឹងបង្កើននូវភាពជោគជ័យ នៃអាជីវកម្មផ្តល់នូវទស្សនវិស័យថ្មីៗ ចំពោះប្រតិបត្តិការ និង ជួយធុរកិច្ចរបស់អ្នក មានភាពប្រកួតប្រជែងក្នុងសម័យឌីជីថល»៕