ភ្នំពេញ៖ បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយ នៅកន្លែងធ្វើការមកកាន់ក្រសួងការងារ ដើម្បីធ្វើកិច្ចអន្តរគមន៍។
ការលើកឡើងបែបនេះបន្ទាប់ពី លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់ អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗ ដែលពាក់ព័ន្ធវិស័យការងារមកកាន់ ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ ឱ្យបងប្អូនកម្មករនិយោជិតដែល កំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាព មិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។
ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយ នៅពេលដែលកម្មករនិយោជិត ទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់ និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំ កិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គល ជាម្ចាស់បណ្តឹងនោះទេ។
លោក ហ្វា សាលី ក៏លើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក គឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត។ ក្នុងនាមជាមេដឹកនាំសហជីពមួយរូប នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនកម្មករនិយោជិត យល់ដឹងឱ្យកាន់តែច្បាស់លើការប្រើប្រាស់ QR Code បណ្តឹងអនាមិក របស់រាជរដ្ឋាភិបាលមួយនេះ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Cord បណ្តឹងអនាមិកនេះគឺជាយន្តការរុញសុខទុក្ខ បងប្អូនកម្មករនិយោជិតមកឱ្យកាន់តែ ជិតអាជ្ញាធរមានសមត្ថកិច្ច ក្រសួងសមី ដើម្បីរាយការណ៍ និងប្តឹងចំពោះការមិនសុខចិត្ត ការរំលោភបំពានណាមួយ ដែលធ្វើឱ្យខ្លួនបាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ យន្តការមួយនេះគឺសុទ្ធសឹងតែ ជាការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលតែងតែគិតគូរពីសុខទុក្ខ របស់កម្មករនិយោជិត និងពលរដ្ឋទូទៅនិយាយដោយឡែក។
លោកបណ្ឌិតរូបនេះបានកត់សម្គាល់ថា QR Code បណ្តឹងអនាមិកគឺផ្តល់សារសំខាន់ ជាច្រើនទៅដល់សាធារណជន និងកម្មករនិយោជិត ទី១ ចំណាយពេលវេលាលឿនក្នុងការរាយការណ៍ និងប្តឹង ដោយមិនចាំបាច់មានលាយលក្ខណ៍អក្ស និងឆ្លងកាត់នីតិវិធីវែងឆ្ងាយ, ទី២ ពាក្យបណ្តឹង និងការរាយការណ៍ពីភាព មិនប្រក្រតីណាមួយមិនមានការរារាំង ហើយនឹងទៅដល់ដៃថ្នាក់ដឹកនាំនៃ ក្រសួងដែលទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់, ទី៣ ពាក្យបណ្តឹងមានភាពឯកជនខ្ពស់ ពោលមិនមានការបញ្ចេញឈ្មោះម្ចាស់បណ្តឹង។
ទន្ទឹមនឹងនេះ ប្រសិនបើសាធារណជន ក៏ដូចជាកម្មករនិយោជិតមានចម្ងល់ ណាមួយពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមធ្វើការ ទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕