ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នឹងធ្វេីឱ្យចំណងមិត្តភាពកម្ពុជា-ឡាវ ត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត ។
នេះជាការលេីកឡេីងរបស់សម្តេចធិបតី ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព បន្ទាប់ពីអញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍ ក្នុងដំណើរបំពេញទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា រយៈពេល២ថ្ងៃ ។
ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ លោកបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរ ចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
សម្ដេចធិបតី ថែមទាំងបានបង្ហាញ នូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួួយគ្នានេះ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បាន អបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាន នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែក ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសេីរឡេីង។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ , ការពារជាតិ និងសន្តិសុខ, ថាមពល , ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ , អប់រំ , ទេសចរណ៍, វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ៖ (១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការ លើវិស័យវប្បធម៌ និងសិល្បៈ៕