តាកែវ៖ លោក មុឹង វុទ្ធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំញ៉ែងញ៉ង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវេទិកាសាធារណៈ ផ្សព្វផ្សាយជីសរីរាង្គព្រៃស្នួល ជូនដល់កសិករក្នុងមូលដ្ឋានឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរឃុំញ៉ែងញ៉ងនិងប្រជាពលរដ្ឋសរុបប្រមាណ៥០នាក់ ព្រមទាំងស្ថាបនិកជីសរីរាង្គព្រៃស្នួល ដែលមានលោក សយ សុភាព លោកបណ្ឌិត ហេង ប៊ុនអ៊ី និងលោក គង់ វ៉ុង កសិករគំរូឃុំចំប៉ា ស្រុកព្រែកកប្បាស ផងដែរ។
ជាកិច្ចចាប់ផ្ដើម លោក សយ សុភាព ក្នុងនាមជាស្ថាបនិកម្នាក់ ក្នុងសិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល បានថ្លែងអំណរគុណដល់ លោក មុឹង វុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំញ៉ែងញ៉ង និងអាជ្ញាធរឃុំ ដែលបានរៀបចំវេទិកានេះឡើង។
ថ្លែងក្នុងវេទិកាសាធារណៈ លោក មុឹង វុទ្ធី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកដូចជាសរីរាង្គព្រៃស្នួល ដើម្បីកាត់បន្ថយថ្លៃដើម ក្នុងការបង្ករបង្កើនផលកសិកម្ម។
លោកក៏បានថ្លែងអំណរគុណដល់ស្ថាបនិកជីសរីរាង្គព្រៃស្នួល ដែលបានចូលរួមគិតគួរជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាកសិករ ដែលកំពុងជួបប្រទះនូវការលំបាក ក្នុងការប្រើប្រាស់ជីកសិកម្ម ដែលមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាកសិករ មានការចំណាយថ្លៃដើមច្រើន តែបានចំណេញផលតិច។
ចំពោះការប្រើប្រាស់ជាក់ស្ដែង លោក គង់ វ៉ុង ដែលជាកសិករគំរូប្រចាំឃុំចំប៉ា ស្រុកព្រែកកប្បាស ក៏បានចែករំលែកនូវបទពិសោធន៍ដ៏ជោគជ័យរបស់លោក លើដំណាំស្រូវ ដែលបានប្រើប្រាស់ ជីសរីរាង្គព្រៃស្នួល ជាក់ស្ដែងលើផ្ទៃដីជាច្រើនហិចតា។
លោក គង់ វ៉ុង បានបញ្ជាក់ថា «សម្រាប់ការបង្ករបង្កើនផល លើដំណាំស្រូវនាឆ្នាំនេះ ទទួលបានផលល្អជាទីគាប់ ព្រោះទិន្នផលដែលទទួលបាន គឺកើនឡើងពី១០ទៅ១៥ភាគរយ បើធៀបទៅនឹងពេលមិនទាន់បានប្រើប្រាស់ជីសរីរាង្គព្រៃស្នួល»។
លោកថា អ្វីដែលកាន់តែពិសេសទៅទៀតនោះ លោកបានកាត់បន្ថយថ្លៃដើមបានច្រើនទៅលើជីគីមី ដោយជំនួសមកវិញនូវការប្រើប្រាស់ជីសរីរាង្គព្រៃស្នួល ដែលជាផលិតផលក្នុងស្រុក ផលិតដោយស្នាដៃកូនខ្មែរ។
លោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នកបច្ចេកទេសក្នុងការផលិតជីសរីរាង្គព្រៃស្នួល បានលើកឡើងថា ជីសរីរាង្គព្រៃស្នួល គឺជាជីបែបធម្មជាតិ១០០% គ្មានសារធាតុគីមី ហើយបច្ចេកវិទ្យាក្នុងការផលិត ក៏មានរួមចំណែកពីរូបមន្តដែលដូនតា បានបន្សល់ទុកឱ្យខាងផ្នែកកសិកម្ម ទឹក ផងដែរ។
លោក សយ សុភាព ក្នុងនាមជាស្ថាបនិកជីសរីរាង្គព្រៃស្នួល បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាប្រជាកសិករខ្មែរទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្ម នៅកម្ពុជាមានការវិវត្តន៍ ជឿនលឿននិងឆាប់រហ័ស ទៅតាមលទ្ធភាពដែលលោកអាចធ្វើទៅបាន៕