ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចសម្តេចតេជោនៅចិន បញ្ជាក់ការពង្រឹងមិត្តភាពដែកថែប និងប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំ

ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ក្នុងដំណើរ បំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារយៈពេល២ថ្ងៃ(៤-៥ធ្នូ)នៅចិនបានបង្ហាញពីការ ពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំរវាងប្រទេសទាំង២បន្ថែមទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ ៥ ធ្នូ។

លោកបណ្ឌិត បានលើកឡើងថា បើគេពិនិត្យទៅលើស្ថានភាព នៃទំនាក់ទំនងប្រទេសទាំង២ ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភានាពេលនេះ  មានទិដ្ឋភាព ៥ចំណុចគឺ៖ ១ .ជាការបំពេញទស្សនកិច្ចជាផ្លូវការ និងដោយ សុឆន្ទៈ ព្រោះមុនការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ មានការប្រកាសព័ត៌មានជាផ្លូវការជាមុន និងត្រូវបានរៀបចំឡើង ដោយស្របទៅតាមបែបបទ ពិធីការការទូតរួចរាល់ជាស្រេច ពោលគឺមិនមែនជាទស្សនកិច្ចភ្លាមៗនោះទេ ហើយភាគីចិនក៏ពុំអាចទទួលស្វាគមន៍ ថ្នាក់ដឹកនាំនៃប្រទេសមួយ ដោយតក់ក្រហល់នោះឡើយ ពោលត្រូវមានការជូនដំណឹងរៀបចំពិធីការការ ទូតជាក់លាក់ និងច្បាស់លាស់ទុកជាមុន នៅក្នុងក្របខ័ណ្ឌ ពិធីការការទូតអន្តរជាតិ ។

២. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលមាន លក្ខណៈពិសេសខុសប្លែកពីទំនាក់ទំនងដទៃ។
ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងពិសេសដោយឡែក មួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រផង ជាទំនាក់ទំនងដែលមានលក្ខណៈ ការផ្សារភ្ជាប់សាច់ឈាមផង និងជាទំនាក់ទំនងចងភ្ជាប់ ដោយកត្តាវប្បធម៌ថែមទៀតផង។

 ៣. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
នៅក្នុងទិដ្ឋភាពនយោបាយ ទំនាក់ទំនងកម្ពុជា-ចិនបាន វិវឌ្ឍដល់កម្រិតខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រ តាមរយៈការបង្កើនការទុកចិត្ត ការគាំទ្រគ្នាទៅវិញទៅមក និងការរួមសុខទុក្ខជាមួយគ្នានៅគ្នាលំបាក ពោលគឺជាជាទំនាក់ទំនងជាមិត្តភាពដែកថែប ដែលបច្ចុប្បន្នឈានដល់ការជំរុញកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររវាងប្រទេសទាំង២។

៤. កម្ពុជាបានបើកចំហរនយោបាយ ការបរទេសរបស់ខ្លួនជាទូទៅ មិនចំពោះទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជា ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតបទដ្ឋានគតិយុត្តិជាអន្តរជាតិនានា ការជំរុញនិងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន គឺជាដំណើរការប្រព្រឹត្តទៅជា ប្រក្រតីភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ពោលគឺមិនបានប៉ះពាល់ ឬកែប្រែមូលដ្ឋានគិតយុត្តិទាំង នៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិនោះឡើយ ។

៥. ការរីកចម្រើនរបស់កម្ពុជា មិនបានបង្កជាផលរំខាន ដល់សណ្ដាប់ធ្នាប់ពិភពលោកពិតប្រាកដណាស់ ។ ការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា និងទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយប្រទេសណាមួយ ពុំបានបង្កផលរំខាន ឬគំរាមកំហែងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ពិភពលោកឡើយ ហើយកម្ពុជាតែងតែមានចេតនានៅក្នុង ការចូលរួមចំណែកជំរុញសន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ពិភពលោកជាដរាបរៀង ដែលសក្ខីភាពជាក់ស្ដែងគឺកម្ពុជា តែងតែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅចូលរួមនៅក្នុងបេកសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសនានា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២-៤ ធ្នូ សម្ដេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទី១នៅចិន ក្រោយសម្ដេចបានក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា ។ អំឡុងពេលស្នាក់នៅចិន សម្តេចបានជួបពិភាក្សាជាមួយលោកស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ព្រមទាំងជួបប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ មានការលើកឡើងជាច្រើននូវទស្សនៈ ដែលបានបង្កប់ចេតនានយោបាយមួយចំនួន ដូចជា ដំណើរទស្សនកិច្ចរបស់សម្តេចនេះ ធ្វើឡើងឆ្លើយតបនឹងបរិបទនៃ ការផ្លាស់ប្ដូរប្រធានាធិបតីសហរដ្ឋអាមេរិក ឬក៏ដោយសារសេចក្ដី សម្រេចចិត្តរបស់សភាអឺរ៉ុប ជំរុញឲ្យសហភាពអឺរ៉ុប កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) ជាដើម។ ប៉ុន្តែអ្វីដែលអ្នកវិភាគក្រៅស្រុកលើកឡើងនោះ គ្មានអ្វីជាការពិតនោះទេ គឺដំណើរទស្សនកិច្ចសម្តេចនៅចិន កត្តាចំបងធំបំផុតគឺការពង្រឹងទំនាក់ទំនង ជាមួយគ្នាឲ្យកាន់ស្អិតរមួតជាមួយគ្នាប៉ុណ្ណោះ ៕

To Top