ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ផ្តល់អនុសាសន៍ដល់មន្រ្តីសុខា ភិបាលបង្កើនការ ផ្សព្វផ្សាយសារ អប់រំសុខភាព

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទទាំងអស់ អោយបន្តស្មារតីបុរេសកម្ម និងកាន់​តែត្រូវឆ្លុះបញ្ចាំង ផែនការការងារ តាមរយៈសកម្មភាព និងលទ្ធផលដែលវាស់វែងបាន ជាពិសេបង្កើនការងារ ផ្សព្វផ្សាយសារអប់រំសុខភាព ឲ្យកាន់តែទូលំទូលាយដល់សហគមន៍ ។

នេះជាការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នាថ្ងៃ៩ ធ្នូ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង លើកទិសដៅការងារបន្ត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ ជូនថ្នាក់ដឹកនាំ ក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពការងារ និងលទ្ធផល ៖
-បង្កើនការផ្សព្វផ្សាយគ្រប់រូបភាព ជាពិសេសសារលើកកម្ពស់សុខភាព ដោយភាពបុរេសកម្ម និងប្រកបដោយនវានុវត្តន៍ ។
-បន្តពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាល ដោយសហការជាមួយអជ្ញាធរមូលដ្ឋាន ក្នុងការពិនិត្យមើលការផ្តល់សេវារបស់មូលដ្ឋាន សេវាសុខាភិបាលឯកជន ដែលមិនមានច្បាប់ ឬអនុវត្តលើសពីអ្វី ដែលច្បាប់ និយាមប្រតិបត្តិអនុញ្ញាត ។
-បន្តយកចិត្តទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយព័ត៌មានសុខាភិបាលផ្សេងៗ ដែលត្រូវឈរលើភាពត្រឹមត្រូវ ច្បាស់លាស់បែបវិទ្យាសាស្ត្រ ។
-បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់ច្រកឃ្លាំមើល ខេត្ត-ក្រុង និងចរន្តនៃការវិវត្តន៍ជំងឺឆ្លងក្នុងតំបន់ និងពិភពលោក ក្នងស្មារតីបុរេសកម្ម និងត្រៀមធ្វើអន្តរាគមន៍បន្ទាន់៕

To Top