ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
តាមរយៈជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះលោក ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោក Reto Gruninger ដែលត្រូវបានតែងតាំងជា នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ក្នុងការជួយគាំទ្រកម្ពុជាលើការពង្រឹង ប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) នៅកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កម្លាំងពលកម្មកម្ពុជាជាមួយនឹង ជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីជឿជាក់ថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើវិស័យ TVET និងការងារទេសន្តរប្រវេសន៍ សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតបលោក Reto Gruninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្កិការ ជាមួយទីភ្នាក់ងារស្វីសសម្រាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC)។ ទន្ទឹមនេះ លោកសង្ឃឹមថា សម្រាប់កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ ៕