ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការចុះឈ្មោះ របស់បងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នឹងជួយឱ្យរាជរដ្ឋាភិបាល កសាងបានទិន្ន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រ ទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម ។
ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ អំពីគុណតម្លៃជាច្រើន និងអត្ថប្រយោជន៍នានា នៅក្នុងការចុះឈ្មោះក្នុងប្រព័ន្ធ របស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើឡើងតាមការស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំ ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាល និងកសាងបានទិន្ន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រ ទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម ដូចនៅក្នុងបទពិសោធន៍ នៃជំងឺកូវីដ១៩ កន្លងទៅ និយាយឱ្យខ្លី ដើម្បីរាជរដ្ឋាភិបាលអាចជួយបងប្អូន ចំគោលដៅ និងទាន់ពេលវេលា ទាល់តែស្គាល់បងប្អូនជានរណាខ្លះ នៅទីណាខ្លះ ប្រកបអ្វីហើយត្រូវការជួយអ្វីខ្លះ ហើយនេះគឺដើម្បីប្រសិទ្ធភាព” ។
បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា “សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះ និងជួយសម្រួលដល់ការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ការនេះ គឺជាជំហ៊ានដ៏សំខាន់មួយ ឆ្ពោះទៅដល់ការសម្រេចបាន ការគ្រប់ដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការការអភិវឌ្ឍជាតិប្រកបដោយសមធម៌ និងបរិយាបន្ន និងភាពធន” ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ កិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីទី៤ នៃកម្មវិធីគោល នយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រជាតិនេះ ត្រូវបានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសសរស្តម្ភដ៏សំខាន់ និងចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងបានប្រគល់ភារកិច្ច ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោល ក្នុងការជំរុញការអនុវត្ត យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨៕