បរទេស៖ សម្រាប់ប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ ការវិនិយោគ និងទេសចរណ៍របស់ចិន គឺជាគន្លឹះនៃសេដ្ឋកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ផលិតផលចិនដែលមានគុណភាពទាប តម្លៃថោក ដែលកំពុងតែមានច្រើននៅក្នុង ទីផ្សារពាសពេញតំបន់ ក៏កំពុងបង្កើនការព្រួយបារម្ភ អំពីរបៀបដែលពួកគេកំពុង កាត់បន្ថយអាជីវកម្មក្នុងស្រុកផងដែរ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទាំងនោះកំពុងបង្ខំប្រទេសជាច្រើនដូចជាប្រទេសថៃ ឱ្យរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុកទំនិញដែលមានតម្លៃទាបទាំងនោះ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងចិនមានជាង ១២៦ពាន់លានដុល្លារ ដោយការវិនិយោគបរទេសផ្ទាល់របស់ចិនបានរួមចំណែកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ។
ឧស្សាហកម្មសេដ្ឋកិច្ចសំខាន់ៗ ចំនួនបីរបស់ប្រទេសថៃគឺ ផលិតកម្ម កសិកម្ម និងសេវាកម្ម ប៉ុន្តែការផលិតបានធ្លាក់ចុះ ដោយរោងចក្រចំនួន ២.០០០ ត្រូវបានបិទនៅឆ្នាំ ២០២៣ ដែលនាំឱ្យបាត់បង់ការងាររាប់ពាន់នាក់, នេះបើយោងតាមទិន្នន័យពីនាយកដ្ឋាន ការងារឧស្សាហកម្ម ។
ម្ចាស់អាជីវកម្មបានត្អូញត្អែរជាយូរមកថា ទំនិញចិនមានគុណភាពទាប កំពុងធ្វើឱ្យអាជីវកម្មក្នុងស្រុករបស់ថៃ ធ្លាក់ចុះ។
ផ្សារទំនើប Bobae ដែលជាទីផ្សារលក់រាយ និងលក់ដុំក្នុងទីក្រុងបាងកក គឺជាកន្លែងមួយដែលឥទ្ធិពលនោះកំពុងបង្ហាញ។ ជាមួយនឹងអគារចំនួន ៧ជាន់ដែលកន្លែងលក់ទំនិញ តូបជាច្រើនបានបិទទ្វារ ទោះបីជាប្រទេសថៃ ស្ថិតក្នុងរដូវកាលកំពូលរបស់ខ្លួន ហើយបុណ្យណូអែលគឺនឹងមកដល់នៅសប្តាហ៍ក្រោយក៏ដោយ។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី ការតវ៉ាប្រឆាំងនឹងការនាំចូលរបស់ចិនបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងហ្សាការតា ស្នើសុំដាក់ពន្ធ ២០០ភាគរយ លើសម្លៀកបំពាក់នាំចូលមួយចំនួន និងទំនិញសេរ៉ាមិច ដើម្បីការពារសហគ្រាសធុនតូច និងមធ្យម ។
នៅប្រទេស វៀតណាមក៏ពឹងផ្អែកខ្លាំងលើចិនក្នុងការធ្វើពាណិជ្ជកម្ម។ ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងហាណូយ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនជាង ១៧១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ។ បើទោះបីជារដ្ឋាភិបាលទាំងពីរមានមនោគមវិជ្ជាកុម្មុយនិស្ត និងមានព្រំដែនគោកប្រវែង ១.២៨៧ គីឡូម៉ែត្រក៏ដោយ ក៏វៀតណាមកំពុងធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងការនាំចូលថោក របស់ចិនផងដែរ។