តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់ សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មានឆន្ទៈជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅពាក់កណ្តាលខែមករា មុនពេលលោកវិលត្រឡប់ទៅកាន់សេតវិមានវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពបានបន្ថែមថា ប្រទេសជប៉ុន កំពុងសម្លឹងមើលលទ្ធភាពនៃកិច្ចប្រជុំបែបនេះ បន្ទាប់ពីខ្លួនបានទទួលសារពីភាគីលោក ដូណាល់ ត្រាំ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាការចរចាផ្ទាល់ខ្លួនលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពីលោក ត្រាំ បានឈ្នះអាណត្តិទីពីរមិនជាប់គ្នាក្នុងខែវិច្ឆិកា។
ដំបូងឡើយលោក Ishiba បានស្វែងយល់ពីលទ្ធភាព នៃការជួបជាមួយលោក ត្រាំ ក្នុងដំណើរវិលត្រឡប់ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការធ្វើដំណើរទៅកាន់អាមេរិកខាងត្បូងក្នុងខែវិច្ឆិកា ប៉ុន្តែវាមិនបានសម្រេចនោះទេ ខណៈដែលភាគីលោក ដូណាល់ ត្រាំ បានលើកឡើងពីឧបសគ្គផ្លូវច្បាប់ ដែលរារាំងលោកពីការជួបជាមួយ មេដឹកនាំបរទេសមុនពេលចូលកាន់តំណែង។
សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន ការបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិក ដែលកំពុងអង្គុយក្នុងតំណែង គឺត្រូវបានចាត់ទុកថាជារឿងចាំបាច់។ ប្រទេសទាំងពីរកំពុងធ្វើការដើម្បីពង្រឹង សម្ព័ន្ធភាពសន្តិសុខទ្វេភាគីដ៏រឹងមាំរបស់ពួកគេរួចហើយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានបង្ហាញពីឆន្ទៈរបស់គាត់ ក្នុងការអង្គុយជាមួយលោក Ishiba ដោយប្រាប់សន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា “ប្រសិនបើពួកគេចង់ធ្វើនោះ ខ្ញុំនឹងធ្វើវា” ។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងបន្ទាប់ពីការកត់សម្គាល់របស់លោក ត្រាំ ថាទីក្រុងតូក្យូ នឹងរក្សាការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីរៀបចំកិច្ចប្រជុំមួយនៅពេល “ងាយស្រួល” សម្រាប់មេដឹកនាំទាំងពីរ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈគ្នាឱ្យបានហ្មត់ចត់ ៕
ប្រែសម្រួល ឈូក បូរ៉ា