ព័ត៌មានជាតិ

រដ្ឋាភិបាល និងវិស័យឯកជន ឯកភាពគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់ លើកម្ចី សម្រាប់ការអភិវឌ្ឍ លំនៅឋាន និងទិញអចលនទ្រព្យ

ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សា ការងារជាមួយតំណាង ធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែង រកការឯកភាព លើគោលការណ៍ មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈម នៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេស ជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុង ការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងដែនដីបានឱ្យដឹងថា ជាលទ្ធផលតំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថា ៖
១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចី សម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាន នូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល ។

២. កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយសារ អតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។

៣. ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាព របស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មប្រាក់កម្ចី, និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម៕

To Top