ព័ត៌មានជាតិ

លោក បួន សារៈមុនី យកទឹកចិត្តផ្នែកឯកជន បង្កើតមូលនិធិ ដើម្បីជួយលើកស្ទួយ វិស័យអប់រំ តំបន់ក្រីក្រដាច់ស្រយាល

ភ្នំពេញ: លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ផ្នែកឯកជន បន្តសហការគ្នា បង្កើតមូលនិធិ ដើម្បីលើកស្ទួយវិស័យអប់រំ ក៏ដូចជា ជួយសាងសង់សាលារៀន នៅក្នុងតំបន់ក្រីក្រដាច់ស្រយាល ។

ថ្លៃងនៅក្នុងពិធីខួប៤ឆ្នាំ រាត្រីស្រមោលស នឹងសប្បុរធម៌ នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតមូលនិធិសប្បុរសធម៌នេះ ជាការបង្ហាញពីសាមគ្គីភាពគ្នាដ៏រឹងមាំមួយ ដែលមិនត្រូវ តែការគាំទ្រគ្នាទៅវិញ ទៅមកក្នុងផ្នែកធុរកិច្ចប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញពីការចូលរួម លើការងារក្នុង សង្គមជាតិផងដែរ ។ លោកសង្ឃឹមថា កម្មវិធីសប្បុរសធម៌នេះ នឹងមានជាបន្តបន្ទាប់ទៀត តាមរយៈការបណ្តុះស្មារតី សហគ្រិនភាព និងការចែករំលែកផ្សេងៗ។

លោក ថាច់ មុន្នីរត្ន័ ប្រធានប្រតិបត្តិ BNI កម្ពុជា បានថ្លែងថា សមាជិកទាំងអស់ នៃ BNI តែងតែបានចូលរួមជា មួយអង្គការមូលធិនិ ACLEDA-JARDINES ជាវិភាគទានធ្វើកម្មវិធីសប្បុរសធម៌ ទៅលើការកសាងអាគារសិក្សាទៅលើខេត្ត ឬតំបន់ណានៅដាច់ស្រយាល ដែលត្រូវការជំនួយច្រើនជាងគេ ។ លោកបញ្ជាក់ថា «ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ យើងបានកៀរគរថវិកាពីសមាជិក បានជាង៤ម៉ឺនដុល្លារ ដើម្បីយកទៅកសាងអគារសិក្សាមួយខ្នង នៅក្នុងសាលាបឋមសិក្សា រនាំង ស្ថិតក្នុងភូមិរនាំង ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ យើងគាំទ្រដោយសារវាជាតម្លៃ ស្នូលមួយរបស់ BNI កម្ពុជា ដែលត្រូវជួយអ្នកនៅក្បែរខ្លួនយើង អ្នកត្រូវការជំនួយ ។ អ៊ីចឹងការសាងសង់សាលារៀន គឺជាចំណែកសំខាន់មួយ សម្រាប់ជួយដល់ក្មេងៗឱ្យពួកគាត់ទទួលបានការអប់រំ ឱ្យកាន់តែប្រសើរឡើង»។

លោក ព្រំ វិសុទ្ធ ប្រធានអង្គការមូលធិនិ អេស៊ីលីដា-ចារឌីន(ACLEDA-JARDINES) សម្រាប់ការអប់រំ បានឱ្យដឹងថា ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០១៧ និងធ្វើប្រតិបត្តិការ នៅឆ្នាំ២០១៨មក គឺមានការជួយលើការ សាងសង់អគារ សិក្សាដល់តំបន់ក្រីក្រ និងដាច់ស្រយាលក្នុងខេត្តចំនួន៥ហើយ ក្នុងនោះមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលគិតជាខ្នង សាលារៀនមានចំនួន១២ខ្នង ស្មើនឹង ៥៨បន្ទប់រៀន ដោយចំណាយថវិកា អស់ប្រមាណ៨៦ម៉ឺនដុល្លារអាមេរិក ។ លោកបន្តថា នៅដើមឆ្នាំ២០២៥ គ្រោងនឹងជួយសាង សង់សាលារៀនចំនួន៣ខ្នង បន្ថែមទៀត ដែលក្នុងនោះ ដែលក្នុងនោះនៅក្នុងខេត្តព្រះវិហារចំនួន២ខ្នង និងមណ្ឌលគិរីចំនួន១ខ្នង។ លោកបញ្ជាក់ថា ក្នុងគម្រោងរបស់អង្គការមូលធិនិ អេស៊ីលីដា-ចារឌីន គឺយ៉ាងហោចណាស់ ត្រូវសាងសង់សាលារៀន នៅតំបន់ដាច់ស្រយាល ឱ្យបាន២ខ្នង ក្នុងមួយឆ្នាំ៕

To Top