ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅកម្ពុជា។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានបន្ថែមថា គម្រោងប្រទេសជប៉ុនខាងលើនេះ បានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាត សម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។
លោកបណ្ដិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ចំនួន ៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាម ទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា។
ក្នុងឱកាសននេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការយ៉ាងល្អប្រសើរ ពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ជាមួយក្រុមគ្រួសារបរិស្ថាន ក្នុងការចូលរួមអនុវត្តយុទ្ធនាការ របស់ក្រសួងបរិស្ថានជាបន្តបន្ទាប់ ជាពិសេសលើ«ភាពស្អាត» ដែលជាសសរស្តម្ភមួយ របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីចូលរួមអនុវត្តភាពស្អាតនៅកម្ពុជាឱ្យមាននិរន្តភាព។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំផែនការសកម្មភាព«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផែនការសកម្មភាពនេះ បាននិងកំពុងរៀបចំសំរាតអនាម័យបរិស្ថាន រើសសំរាម ប្រមូលទុកដាក់ គឺដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅក្នុងឆ្នាំ២០២៥៕