ព័ត៌មានអន្តរជាតិ

សង្គ្រាម បន្តធ្វើឲ្យជនស៊ីវិល នៅតំបន់ហ្គាហ្សា គ្មានកន្លែងសុវត្ថិភាព ដើម្បីជ្រកកោននោះទេ

AFP

ហ្សឺណែវៈ លោក Tom Fletcher អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះ បន្ទាន់បានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសស៊ីរី និងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់ កាលពីថ្ងៃទី២៣ ខែធ្នូថា អំពើហឹង្សានៅតែបន្តកើតមានបានធ្វើឱ្យ ជនស៊ីវិលនៅតំបន់ហ្គាហ្សា គ្មានកន្លែងសុវត្ថិភាពដើម្បីជ្រកកោននោះឡើយ ។

លោក Fletcher បានកត់សម្គាល់ថា តិចជាងមួយឆ្នាំបន្ទាប់ ពីតុលាការ យុត្តិធម៌អន្តរជាតិ បានចេញដីកាបណ្តោះអាសន្ន ដំបូងរបស់ខ្លួនលើការអនុវត្ត អនុសញ្ញាប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា វាគ្មានកន្លែងណាមានសុវត្ថិភាព សម្រាប់ជនស៊ីវិល នៅក្នុងតំបន់នោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានពណ៌នាអំពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា ដែលការវាយប្រហារតាមអាកាសទៅលើតំបន់ ដែលមានប្រជាជនរស់នៅច្រើន រួមទាំងតំបន់ ដែលត្រូវបានចាត់តាំងដោយកងកម្លាំងអ៊ីស្រាអែល ជាកន្លែងផ្លាស់ប្តូរទីលំនៅ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ការផ្លាស់ទីលំនៅ និងការបាត់បង់ ជីវិតយ៉ាងធ្ងន់ធ្ងរ លោកក៏បានរាយការណ៍ផងដែរ អំពីការដួលរលំ នៃច្បាប់ និង សណ្តាប់ធ្នាប់នៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងក្រុមក្មេង ទំនើងប្រដាប់អាវុធ ដែលបានលួច សម្ភារៈមនុស្សធម៌ជាប្រព័ន្ធ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ថែមទៀត។

ទោះបីជាមានតម្រូវការ មនុស្សធម៌ដ៏ច្រើន លើសលប់ក៏ដោយ Fletcher បានបង្ហាញថា អាជ្ញាធរអ៊ីស្រាអែល បានបដិសេធ ជាប្រចាំនូវការទទួល បានជំនួយរបស់អង្គការសហប្រជាជាតិ ដោយបានបដិសេធសំណើជាង ១០០ ក្នុងការចូល ទៅកាន់តំបន់ហ្គាហ្សា ភាគខាងជើងចាប់តាំងពីថ្ងៃទី០៦ ខែតុលា។ ការបិទទ្វារនេះ បានធ្វើឱ្យភាគខាង ជើងហ្គាហ្សា ស្ថិតនៅក្រោមការឡោមព័ទ្ធជិតរយៈពេលជិតពីរខែ ដោយបង្កការព្រួយ បារម្ភនៃគ្រោះទុរ្ភិក្ស។ ទន្ទឹមនឹងនេះ ភាពចង្អៀតណែន នៅភាគខាងត្បូងតំបន់ហ្គាហ្សា បានបង្កើត ឱ្យមានជីវភាពរស់កាន់ តែយ៉ាប់យ៉ឺន ខណៈដែលរដូវរងា ធ្វើឱ្យតម្រូវការ មនុស្សធម៌កាន់តែពិបាក។

លោកបន្ថែមថា “កាលពីឆ្នាំមុន ប្រតិបត្តិការ យោធារបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ និងបណ្តាញទឹក ជាពិសេសនៅក្នុងជំរុំជនភៀសខ្លួន ដែលគ្រួសារជាច្រើន ត្រូវបានផ្លាស់ទីលំនៅ។ ការកើនឡើងនៃអំពើហិង្សាអ្នកតាំងលំនៅ និងការរុះរើផ្ទះបានបណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងតម្រូវការកើនឡើង។ ការរឹតបន្តឹងចលនាសកម្មភាព របស់ជនស៊ីវិល កំពុងរារាំងដល់ជីវភាពរស់នៅរបស់ប្រជាជន និងលទ្ធភាពទទួលបានសេវាសំខាន់ៗ ជាពិសេសការថែទាំសុខភាព”៕
ប្រែសសម្រួល ឈូក បូរ៉ា

To Top