ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាល់ការសាកសួរ ក្នុងវិជ្ជាជីវៈសារព័ត៌មានទៅកាន់ជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង នៅបរិវេណអង្គភាព ឬការិយាល័យមានសមត្ថកិច្ច មិនត្រូវបានអនុញ្ញាតឡើយ។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្ដីពី ការផ្សព្វផ្សាយព័ត៌មានសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់មន្ដ្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា មុនពេល ក្នុងពេល និងក្រោយពេលប្រតិបត្តិការ មន្ត្រីមានសមត្ថកិច្ច ត្រូវរក្សាការសម្ងាត់វិជ្ជាជី មិនត្រូវផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទៅបុគ្គលគ្មានភារកិច្ច សាធារណជន និងភ្នាក់ងារព័ត៌មានឡើយ។ មន្ត្រីមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការជំនាញ និងហាមឃាត់បុគ្គលគ្មានភារកិច្ច សាធារណជន និង ភ្នាក់ងារព័ត៌មានផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សមត្ថកិច្ចជំនាញដំណើរការនីតិវិធី និងសិទ្ធិបុគ្គល។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងពេលប្រតិបត្តិការ មន្ត្រីមានសមត្ថកិច្ច មិនអនុញ្ញាតឱ្យថតរូបភាព វីដេអូ សំឡេង និងផ្តល់ ឬ ផ្សព្វផ្សាយសកម្មភាពប្រតិបត្តិការជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ។ ប្រធានអង្គភាព ឬ ប្រធានក្រុមប្រតិបត្តិការ ត្រូវចាត់តាំងមន្ត្រីសម្រាប់ថតសកម្មភាពទុកបម្រើការងារជំនាញ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា មន្ត្រីមានសមត្ថកិច្ច ត្រូវបំពេញការងារជំនាញយ៉ាងរួសរាន់បំផុត បញ្ជូនជនដែលត្រូវបានឃាត់ ចាប់ខ្លួន និង/ឬនាំខ្លួនទៅកាន់ការិយាល័យ ឬអង្គភាពមានសមត្ថកិច្ច ដោយមិនត្រូវទុកពេលថតរូបភាព សំឡើង វីដេអូ ផ្តល់ ឬផ្សព្វផ្សាយព័ត៌មានឡើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «មានតែប្រធានអង្គភាព អ្នកនាំពាក្យ ឬប្រធានក្រុមប្រតិបត្តិការដែលទទួលសិទ្ធិពីប្រធានអង្គភាព តាមឋានានុក្រមប៉ុណ្ណោះ ដែលអាចផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន ឬភ្នាក់ងារ ព័ត៌មាន។ រាល់ការសាកសួរក្នុងវិជ្ជាជីវៈសារព័ត៌មានទៅកាន់ជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង នៅក្នុងបរិវេណអង្គភាព ឬការិយាល័យមានសមត្ថកិច្ច មិនត្រូវបានអនុញ្ញាតឡើយ»៕