ភ្នំពេញ៖បន្ទាប់ពីសង្កេតឃើញ តម្លៃផ្លែស្វាយធ្លាក់ថ្លៃយ៉ាងខ្លាំងដោយកតា្តមួយចំនួន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាឲ្យមន្ទីរកសិកម្មទូទាំងរាជធានី-ខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិ-ឧស្សាហកម្មជំរុញឲ្យកសិករ ចងក្រងជាក្រុមផលិត និងសហគមន៍ ចុះបញ្ជីត្រឹមត្រូវ ក្នុងការ ងាយស្រួល រៀបចំផែនការផលិតកម្មស្វាយ ជា លក្ខណៈប្រមូលផ្ដុំ ឲ្យស្របតាមស្ដង់ដារនិងផ្សារភ្ជាប់ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ រក្សាបាននូវតម្លៃ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងកសិកម្មស្ដីពី វិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០បានបញ្ជាក់ថា ស្វាយមានការធ្លាក់ចុះគួរកត់សម្គាល់ បណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួន រួមមាន៖ ការរីករាលដាលនៃជំងឺកូវីដ១៩ បណ្ដាលឲ្យមានការថមថយ នៃការបញ្ជាទិញដែលជាហេតុធ្វើឲ្យតម្លៃស្វាយធ្លាក់ចុះ។ អ្នកដាំដុះផ្លែស្វាយ មួយចំនួន មិនទាន់អនុវត្តតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (GAP)និងធ្វើផែនការដាំដុះឲ្យបានត្រឹមត្រូវ។រោងចក្រកសិកម្មកែច្នៃផលិតផលស្វាយ នៅក្នុងស្រុកនៅមានចំនួនតិច បច្ចេកទេសកែច្នៃ នៅមានកម្រិត។
ក្នុងអំឡុងពេលឆ្លងរាលដាលកូវីដ១៩នេះ រោងចក្រសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួន បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយសារ ការ បញ្ជាទិញ ផលិតផលដែលកែច្នៃរួចនាំចេញតិចតួច និងខ្វះកម្មករ ហើយរោងចក្រ និងសិប្បកម្មកែច្នៃដំណាំ ស្វាយ ដែលនៅដំណើរការបាននិងកំពុងប្រមូលទិញផ្លែស្វាយស្រស់សម្រាប់ ធ្វើការកែច្នៃត្រឹមតែ ២០-៣០តោនក្នុង១ថ្ងៃ ដោយក្នុងតម្លៃតែ៣២០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ(បើធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ការប្រមូលទិញផ្លែស្វាយស្រស់ មានតម្លៃរហូត៨០០រៀលក្នុង១គីឡូក្រាម)។
ដើម្បីដោះស្រាយបញ្ហា ត្រូវអនុវត្តវិធានការមួយចំនួន រួមមាន៖ មន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវសហការជាមួយ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដើម្បីជម្រុញឲ្យកសិករឲ្យចងក្រង ជាក្រុមផលិតនិងសហគមន៍ ដោយត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួល រៀបចំផែនការផលិតស្វាយ ជាលក្ខណៈប្រមូលផ្ដុំ បណ្ដុះបណ្ដាលបច្ចេកទេសស្របតាមស្ដង់ដារ និងការផ្សារភ្ជាប់ទីផ្សារ តាមរយៈការចុះកិច្ចសន្យាទិញ-លក់។
ត្រូវជម្រុញផ្សព្វផ្សាយការប្រើប្រាស់បណ្ដាញព័ត៌មាន ទីផ្សារផលិតផលកសិកម្ម តាមបច្ចេកទេសទំនើប ដល់កសិករ រួមទាំងការដាំដុះ បច្ចេកទេស ក្រោយប្រមូលផល និងការស្តុកទុករយៈពេលវែង។
ត្រូវជម្រុញលើកទឹកចិត្តដល់ការកែច្នៃ ផលិតផលស្រស់ជាលក្ខណៈគ្រួសារ ឲ្យទៅជាដំណាប់ និងទឹកស៊ីរ៉ូស្វាយដើម្បីលក់ក្នុងស្រុក។
អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការទំនាក់ទំនង និងចរចាក្នុងក្របខណ្ឌបច្ចេកទេស អំពីបញ្ហាពាក់ព័ន្ធរបាំង បច្ចេកទេសស្ដីពី ភូតគាមអនាម័យ និងរបាំងផ្សេងៗទៀត ក្នុងការជម្រុញឲ្យផលិតផលស្វាយ បាននាំចេញទាន់ពេលវេលា។ អគ្គនាយកដ្ឋានកសិកម្ម រាជធានី-ខេត្ត ត្រូវធ្វើការសិក្សាអំពីថ្លៃដើមក្នុងខែច្រវាក់ ផលិតកម្មដំណាំស្វាយ៕ ដោយ៖ធី លីថូ