វ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ជាស្ថាបត្យករនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ឥឡូវនេះហាក់ដូចជាមានចេតនាក្នុងការរុះរើវា ក្រោមលេសសន្តិសុខជាតិមួយក្នុងពេលតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សម្រាប់អ្នកនយោបាយអាមេរិក ការវិនិយោគពីបរទេស និងការប្រកួតប្រជែងសេដ្ឋកិច្ចត្រូវបានគេដាក់ឈ្មោះយ៉ាងងាយស្រួលថាជា “ការគំរាមកំហែង” ដល់សន្តិសុខជាតិ។ នោះហើយជារបៀបដែលសេតវិមានថ្មីៗនេះ បានបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការរារាំងក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន ពីការទិញយកក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក។
ខណៈពេលដែលយុទ្ធសាស្ត្រគាំពារនិយមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិន ចាប់ផ្តើមពីការដាក់ប្រទេសចិនជា “គូប្រជែងយុទ្ធសាស្ត្រចម្បង” ការរាំងស្ទះនៃការរួមបញ្ចូលគ្នានៃដែកថែបរបស់សហរដ្ឋអាមេរិក គឺកាន់តែចាក់ឫសនៅក្នុងនយោបាយក្នុងស្រុក។ គណបក្សប្រជាធិបតេយ្យបានសន្យាថា នឹងសម្លាប់ប្រតិបត្តិកា រដែលជាបញ្ហានយោបាយដ៏រសើបមួយនៅក្នុងយុទ្ធនាការប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤។
បទវិភាគរបស់កាសែតស៊ិនហួបានឲ្យដឹងថា ដោយមិនគិតពីការលើកទឹកចិត្ត – មិនថាការគណនានយោបាយក្នុងស្រុក ឬការប៉ុនប៉ង ដើម្បីពង្រឹងអនុត្តរភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សារនេះ គឺច្បាស់ណាស់ថា ទីក្រុងវ៉ាស៊ីនតោន មិនមានការរើសអើងចំពោះការងាកទៅរកការការពារនិយមនោះទេ។ ការអនុម័តគោលនយោបាយគាំពារនិយមដ៏តឹងតែងនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អនាគតនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោកផងដែរ។
ប្រវត្តិសាស្ត្រ គឺសំបូរទៅដោយឧទាហរណ៍នៃទីក្រុងវ៉ាស៊ីនតោន ដែលស្រែកថា “ពាណិជ្ជកម្មសេរី” នៅក្នុងវិស័យ ដែលអាមេរិកគ្រប់គ្រង ប៉ុន្តែការកាន់ដំបងការពារដោយលេសនៃសន្តិសុខជាតិ នៅតែបន្ដកើតឡើងដដែល។ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ពន្ធគយ ទណ្ឌកម្ម និងវិធានការឯកតោភាគី បានជំនួសកិច្ចសហប្រតិបត្តិការ ហើយនេះមិនមែនគ្រាន់តែជាការខូចខាតសម្រាប់ប្រទេសផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្ដែវាជាគ្រោះមហន្តរាយ សម្រាប់សហរដ្ឋអាមេរិកខ្លួនឯង
ពីការប្រើយុទ្ធសាស្ត្របង្ខិតបង្ខំដូចជាកិច្ចព្រមព្រៀងផ្លាហ្សាឆ្នាំ១៩៨៥ ដើម្បីប្រឆាំងនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដល់ការអនុវត្តវិធានការដូចជាយុត្តាធិការក្រៅទឹកដី ដើម្បីរុះរើក្រុមហ៊ុនផលិតរបស់បារាំងដ៏ល្បីល្បាញ Alstom និងបន្តស្វែងរកលេស ដើម្បីបង្កផលប៉ះពាល់ដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលប្រកួតប្រជែងនោះ ទីក្រុងវ៉ាស៊ីនតោន បានធ្វើវាជាយូរមកហើយ ដែលបញ្ហាសន្តិសុខជាតិត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត ហើយជាលេសដែលងាយស្រួល៕
ប្រែសម្រួល ឈូក បូរ៉ា