ភ្នំពេញ ៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពី ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ផ្អែកតាមអនុក្រឹត្យ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាលាជាតិរដ្ឋបាលមូលដ្ឋានមានភារកិច្ចជាអាទិ៍ រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម រយៈពេលវែង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងធម្យម ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម សិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំតាក់តែង និងអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាំបាច់។
មានអក្សរកាត់ថា ស .ជ. រ.ម និងមានឈ្មោះជាភាសាអង់គ្លេស National School of Local Administration ដែលមានអក្សរកាត់ថា “ NASLA’’ ថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីនថ្មីដំបូងគេ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺក្នុងអំឡុងពេលកូវីដ-១៩។ ឯកឧត្តម សូ មុនីរក្សា ត្រូវបានប្រកាសចូលកាន់មុខតំណែង ជានាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន។
យោងតាមឧបសម្ព័ន្ធនៃប្រកាសលេខ ៣០៣៥ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ការិយាល័យ ចំណុះនាយកដ្ឋាននៃសាលាជាតិរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានបន្ថែមឱ្យដឹងថា ចរនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។
បើទោះបីជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ សាលាជាតិរដ្ឋបាលមូលដ្ឋាន កំពុងស្ថិតក្នុងការសាងសង់នៅខណ្ឌព្រែកព្នៅ ប៉ុន្តែអង្គភាពមួយនេះ បានបំពេញបេសកកម្មបណ្ដុះបណ្ដាលវគ្គខ្លី និងវែង ដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរយនាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកការបណ្ដុះបណ្ដាលមន្រ្តី ដែលមានស្រាប់របស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាអាទិភាព ទាំងកម្រិតផ្ទៃក្នុង ទាំងនៅសាលាបណ្ដុះបណ្ដាលនគរបាលជាតិ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន៕