ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់បានបកស្រាយថា ខ្លឹមសាររបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនមានន័យធ្វើការស្តីបន្ទោស ទៅដល់កសិករអំពីការបង្ករបង្កើន ស្រូវប្រភេទOM ទេ ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានការផ្សព្វផ្សាយខ្លឹមសារ នៃការបកស្រាយរបស់លោករដ្ឋមន្រ្តី ឌិត ទីណា ខុសពីការពិតអំពីស្រូវធ្លាក់ថ្លៃ (ប្រភេទស្រូវOM)ថា រដ្ឋមន្រ្តីបន្ទោសកសិករធ្វើស្រូវប្រាំងOMច្រើនពេក ធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ ហើយកសិករមិនស្តាប់ តាមមន្រ្តីជំនាញ ដែលជម្រុញឱ្យប្តូរពូជស្រូវ មុនពេលដាំដុះ បន្ទាប់ពីលោករដ្ឋមន្រ្តី បានមានប្រសាសន៍ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ និងអ្វីដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ដែលជាសេនាធិការ បានធ្វើ និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ នៅក្នុងបណ្តាញតេឡេក្រាម របស់ក្រសួងជាវិដេអូ ជាង ១០នាទីកាលពីរាត្រី១៣ មករា ។
លោក ឃឹម ហ្វីណង់ បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួន នាថ្ងៃ១៤ មករាថា ពេលវេលានេះ មិនមែនជាពេលកេងចំណេញ នយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈម ឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយ ឱ្យត្រូវ ជំរុញឱ្យកសិករងាក មកចាប់យកពូជអង្ករ ក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវ របស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទី នៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណង ជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្តីបន្ទោសកសិករ» ក្នុងចេតនាព្យាយាមធ្វើឱ្យមានការ យល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់ របស់លោករដ្ឋមន្ត្រី ជូនដល់កសិករក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា “ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម (OM) មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោក ពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលយើងកំពុងមាន ដើម្បីផ្តល់ព័ត៌មាន ឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយ នាពេលអនាគត ជៀសវាងការខាតបង់ ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត” ។
ដូច្នេះលោក ក៏បានផ្ញើសារទៅកាន់ សាធារណៈជន ជាពិសេសកសិករ ដែលកំពុងដាំស្រូវអូអឹម ទាំងអស់ថា អាចបើកចំហបេះដូង ហើយស្តាប់បទ សម្ភាសទាំងមូល ពីប្រភពផ្ទាល់ឱ្យបានដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដ របស់រដ្ឋមន្ត្រី ។ បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករទេ យ៉ាងហោចណាស់ សូមធ្វើចំណែកមួយ នៃដំណោះស្រាយ ប្រសើរជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម៕