ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឲ្យដឹងថា ដើម្បីជួយរក្សាលំនឹងតម្លៃស្រូវ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃ១៥ មករា បានទំលាក់ថវិកាចំនួន៣០លានដុល្លារដើម្បីបញ្ចេញថវិកាទាំងនោះទិញស្រូវពីប្រជាកសិករ ។
ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវនាថ្ងៃ១៥ មករា លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ទាំងពេលកន្លងមក និងដូចពេលបច្ចុប្បបន្ននេះ បញ្ហាតម្លៃស្រូវ-អង្ករនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត សម្រាប់ជួយសម្រាលការលំបាកសរបស់ប្រជាកសិករ មិនថាស្រូវអង្ករនោះទេ ត្រី សាច់ បន្លែ បង្ការជាដើម គឺរាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយនោះទេ ។
លោកគូសបញ្ជាក់ថា “ហើយថ្មីៗនេះ ដោយសារតែតម្លៃស្រូវមិនទាន់មានស្ថិរភាពរាជរដ្ឋាភិបាលបានសម្រេចទំលាក់៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្តង(១៥ មករា) លុយហ្នឹងគឺមកដល់ក្នុងធនាគារអភិវឌ្ឍន៍ជនបទហើយ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្តង ។ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំនិងធ្វើអន្តរាកមន៍ជាបន្តបន្ទាប់”។
លោកបន្តថា គិតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលបានទំលាក់ដើមទុនជាពិសេសចំនួន៥លើកហើយ ដើម្បីរក្សាលំនឹងតម្លៃលើវិស័យកសិកម្មទាំងមូលតែម្តង។ ក្នុងនោះ ARDBបានដើរតួនាទីជាអ្នកបញ្ចេញថវិកាដើម្បីអភិវឌ្ឍន៍លើវិស័យនេះ ។
លោកសង្កត់ធ្ងន់ថា មកដល់បច្ចុប្បន្ន ARDB បានទំលាក់ថវិកាចូលក្នុងវិស័យស្រូវ-អង្ករប្រមាណជា២០៨លានដុល្លារ ។ ក្នុងនោះទុនវិនិយោគប្រមាណជា៣០លានដុល្លារទេ ក្រៅពីនោះសុទ្ធតែជាទុនបង្វិល(ទុនទិញស្រូវ-អង្ករលក់) ។ លោករៀបរាប់ថា លើកទី១-ទំលាក់ថវិកានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ , លើកទី២-ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ , លើកទី៣-ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤-ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ និងលើកទី៥-នៅខែមីនា ឆ្នាំ២០២៤ ។ ដោយលើកទី៥គឺនៅអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួន៤០លានដុល្លារ ។
សូមបញ្ជាក់ថា ការទំលាក់ថវិកាភ្លាមៗរបស់រាជរដ្ឋាភិបាលនេះ ស្របពេលតម្លៃស្រូវអូអឹមដែលកសិករភាគច្រើនចូលចិត្តបង្កបង្កើនផលដែលត្រឹមតែ៣ខែប៉ុណ្ណោះបានផលនោះ គឺមានការធ្លាក់ថ្លៃជាខ្លាំងដែលជាក្តីកង្វល់របស់ប្រជាកសិករ៕