ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន ១,៦២០ អង្គភាព សមាគមសារព័ត៌មាន ចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបសរុបចំនួន ជាង ៨ពាន់ នាក់ បាននិងកំពុងបំពេញការងាររបស់ខ្លួន បានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ខាងលេីនេះជាប្រសាសន៍ឆ្លើយតបរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ទៅនឹងសំណួរជុំវិញការអនុវត្តការងារ និងសណ្តាប់ធ្នាប់ របស់អ្នកសារព័ត៌មាននៅមូលដ្ឋាន ដែលសិក្ខាកាមបានលើកឡើងក្នុងឱកាសវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់បន្ថែមថា៖«ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណ របស់អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើបណ្ណសម្គាល់អ្នកសារព័ត៌មាននោះ ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន»។
លោកអ្នកនាំពាក្យបានមានប្រសាសន៍បន្ថែមថា៖«នេះជាប្រព័ន្ធការពារ និងធានាសុវត្ថិភាព ទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មានដែលអ្នកសារព័ត៌មាននោះ បានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួមចំណែក ក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។
ក្នុងក្របខណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មានបានកំណត់ ឱ្យមានការផ្តល់ការបណ្តុះបណ្តាលស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹងទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្តន៍ការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន បានមើលឃើញលំហសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពរីកចម្រើនធំធាត់ និងថែមបានទទួលស្គាល់ថា ក្នុងឆ្នាំ២០២៤ សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានមានភាពប្រសើរឡើង។ អ្នកសារព័ត៌មាន តួអង្គរដ្ឋ និងឯកជន បានវាយតម្លៃស្ថានភាព នៃវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងឆ្នាំ២០២៤ ថាមានភាពល្អប្រសើរ ដោយវិស័យនេះបាន និងកំពុងបោះជំហានទៅមុខជាវិជ្ជមានស្របនឹងការរីកចម្រើនក្នុងសង្គម។
នៅក្នុងឱកាសសិក្ខាសាលានោះដែរ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់អនុសាសន៍ដល់មន្ទីរព័ត៌មាន ក្នុងរាជធានី ខេត្តទាំងអស់ ឱ្យដាក់បញ្ចូលជំនួបរវាងមន្ទីរ ជាមួយអ្នកសារព័ត៌មានពីក្នុងមូលដ្ឋានរបស់ខ្លួន ជាសកម្មភាពមួយក្នុងផែនការការងាររបស់មន្ទីរ ដើម្បីផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងប្រើប្រាស់ជាច្រកផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មានអំពីប្រធានបទ និងព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតឡើងក្នុងមូលដ្ឋានរាជធានីខេត្តរបស់ខ្លួន។ កិច្ចការនេះជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន សម្រាប់មន្ទីរព័ត៌មានក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត។ វាក៏ជាមធ្យោបាយមួយរួមចំណែកធានាលំហូព័ត៌មានជាប្រចាំ ក្នុងចំណោមប្រតិបត្តិករវិស័យសារព័ត៌មាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកសារព័ត៌មាន ជាមួយប្រភពព័ត៌មានរាប់បញ្ចូលទាំងរដ្ឋបាលរាជធានីខេត្ត អាជ្ញាធរ និងអង្គភាពជំនាញ។
លោកអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឆ្លៀតយកឱកាសសិក្ខាសាលានាពេលនោះ ដើម្បីអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមលើកកម្ពស់គុណតម្លៃនិងរក្សាភាពថ្លៃថ្នូរក្នុងអាជីពសារព័ត៌មាន ដោយត្រូវអនុវត្តការងារដោយគោរពសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ហើយដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានជាធរមានដើម្បីបន្តធានាសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារ៕