ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុ សំណល់ថ្នាំកសិកម្ម ក្នុងអង្ករមុនពេលនាំចេញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុ សំណល់ថ្នាំកសិកម្ម នៅក្នុងអង្ករ មុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាព ទីផ្សារនាំចេញ។

តាមរយៈសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាន កសិកម្ម នៅថ្ងៃទី២០ មករា នេះ ថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធ ជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។

តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម ។ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពល ដល់ការនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។

ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនមានជាអាទិ៍ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវ មានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្ម ដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។

ទន្ទឹមនេះ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្ម ដែលអាចជំនួសថ្នាំកសិកម្ម ជាប់កម្រិត កំណត់ទាប និងមានចុះបញ្ជីអនុញ្ញាត ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដូចមាននៅក្នុង QR Code ភ្ជាប់ជាមួយ សេចក្តីជូនដំណឹងនេះ។

អគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍ កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេស ដែលមាននៅលើសម្បកវេចខ្ចប់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្ម នៅក្នុងអង្ករមុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាព ទីផ្សារនាំចេញ។

ក្នុងករណីដែលសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចង់ស្វែងយល់បន្ថែមអំពីព័ត៌មានខាងលើនេះ សូមទាក់ទងមកកាន់នាយកដ្ឋាន ការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដែលជាសេនាធិការបច្ចេកទេស នៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និង/ឬ មន្ត្រីកសិកម្មឃុំ ដែលនៅជិតបំផុត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា៕

To Top