ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់ មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្នុងនោះ ក៏បានកំណត់ ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែរ រួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍ កសិកម្មទំនើប។
នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នាថ្ងៃទី២២ លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលជាតួអង្គតែមួយ ក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹក សម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវ ដល់ប្រជាកសិករ ដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរនូវការខិតខំក្នុងការបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ បូករួមទាំងកិច្ចការ អភិរក្សនូវប្រភេទសត្វកម្រនានា ទទួលបានលទ្ធផល វិជ្ជមាន ការទទួលបានពានរង្វាន់ អង្ករល្អប្រណិត លើកទី០៦ និងការកោតសរសើរលើការរៀបចំ រាជបណ្ឌិត្យសភាវិទ្យា សាស្ត្រកសិកម្មកម្ពុជា និងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើនគុណភាព សុវត្ថិភាពចំណីអាហារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅចំពោះមុខអង្គសន្និបាត លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិស ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (១)ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន (២)ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម (៣)លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ (៤)បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ (៥)ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង(៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក៕