កាលពីថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើត សហរដ្ឋអាមេរិក ភាគីអាមេរិក បានប្រកាសដំឡើងពន្ធគយ ១០ភាគរយលើទំនិញចិន ដែលនាំចេញ ទៅសហរដ្ឋអាមេរិក ដោយយកបញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស ។ ទង្វើដ៏ខុសឆ្គងនេះ គឺល្មើសនឹងក្បួនច្បាប់ នៃអង្គការពាណិជ្ជកម្ម ពិភពលោក បំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាប្រក្រតីរវាងចិន និងអាមេរិក ហើយក៏នាំមក នូវឥទ្ធិពលអវិជ្ជមាន កាន់តែច្រើនដល់សេដ្ឋកិច្ចអាមេរិកផងដែរ ។
ថ្នាំហ្វេនតានីលគឺ ជាប្រភេទថ្នាំអាភៀន កម្រិតខ្លាំង ថ្នាំនេះបានក្លាយជាគ្រឿងញៀន នៅសហរដ្ឋអាមេរិក គឺដោយមកពីវាទាក់ទងនឹងតម្រូវ ការប្រើប្រាស់យ៉ាងអនាធិបតេយ្យ ដ៏ធំសម្បើមនិង ខ្សែសង្វាក់ ផលប្រយោជន៍ នៃសង្គមអាមេរិក ហើយក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយការគ្រប់គ្រង ដោយអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកដែរ ។ អាចឃើញថា បញ្ហាថ្នាំហ្វេនតានីល ជាផលអាក្រក់មួយ នៃការគ្រប់គ្រងគ្មានប្រសិទ្ធភាព នៅក្នុងស្រុករបស់សហរដ្ឋអាមេរិក ។ ភាគីអាមេរិកបានធ្វើឱ្យប្រធានបទ សុខភាពសាធារណៈផ្សារភ្ជាប់ជាមួយការដាក់សម្ពាធខាងពន្ធគយ វាមិនត្រឹមតែមិនបានរកឃើញប្រភព នៃបញ្ហាប៉ុណ្ណោះទេ ថែមទាំងក៏អាចនឹងធ្វើឱ្យការ បដិបក្ខគ្នាខាងនយោបាយកាន់តែខ្លាំង ដែលរារាំងដល់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាថ្នាំហ្វេនតានីលដែរ ។
តាមការពិត ប្រទេសចិន ជាប្រទេសមួយដែលមានគោលនយោបាយហាមឃាត់គ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតលើពិភពលោក ដែលបានប្រកាសរឹតបន្ដឹង ទាំងស្រុងលើសារធាតុហ្វេនតានីល ជាផ្លូវការនៅឆ្នាំ២០១៩ គឺជាប្រទេសដំបូងគេ ដែលចាត់វិធានការបែបនេះលើពិភពលោក ។ តាមសេចក្ដីរាយការណ៍នៃស្ថាប័នអនុវត្តច្បាប់ខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចជានាយកដ្ឋានគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិកជាដើមបានឱ្យដឹងថា ចាប់ពីខែកញ្ញាឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ ភាគីអាមេរិកមិនដែលឆែករកឃើញ នូវសារធាតុហ្វេនតានីលដែលមកពីប្រទេសចិនបានទេ ។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិកបន្តឃោសនា បំប៉ោងពីអ្វីដែលហៅថា បញ្ហាថ្នាំហ្វេនតានីលច្បាស់ជាបង្កប់នូវបំណងទុច្ចរិត ។
តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា គ្រឿងឧបភោគបរិភោគ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជាប្រភេទត្រី ប្រេងរុក្ខជាតិ បន្លែ(ជាពិសេសគឺពោត) ផ្លែឈើនិងគ្រាប់ធញ្ញជាតិ សាប៊ូដុំ តែនិងគ្រឿងក្រអូបជាដើម ដែលនាំចូលពីប្រទេសចិន សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌ នៃការដំឡើងពន្ធគយលើកនេះ ។ ក្រៅពីនេះ ដោយមកពីចិនមានគុណសម្បត្តិយ៉ាងលេចធ្លោក្នុងការនាំចេញផលិតផលប្រើប្រាស់អេឡិចត្រូនិក ស្បែកជើងនិងសម្ភារៈក្មេងលេងជាដើម ដូច្នេះ ការដំឡើងពន្ធគយលើទំនិញទាំងនេះក៏នឹងបង្កផលប៉ះពាល់ចំពោះប្រជាជនអាមេរិកដែរ ។ តាមការប៉ាន់ប្រមាណ នៃសហព័ន្ធពាណិជ្ជករ លក់រាយទូទាំងសហរដ្ឋអាមេរិកឱ្យដឹងថា ការដំឡើងពន្ធគយប្រហែល នឹងនាំឱ្យអ្នកប្រើប្រាស់បង់លុយ បន្ថែមថែមទៀតពី៦ពាន់៤រយលានដល់១ម៉ឺន៩រយលានដុល្លារអាមេរិក ត្រឹមតែលើផលិតផលអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ។
ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ឱកាសការងាររបស់ជនជាតិអាមេរិកក៏នឹងរងផលប៉ះពាល់ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់រងការរំខានពីពន្ធគយដែរ ។ គណៈកម្មាធិការទូទាំងប្រទេស អំពីពាណិជ្ជកម្មអាមេរិក-ចិនបានចេញផ្សាយរបាយការណ៍ ស្រាវជ្រាវមួយកាលពីខែមករាឆ្នាំ២០២១ ដោយលើកឡើងថា គោលនយោបាយពាណិជ្ជកម្ម នៃរដ្ឋាភិបាល លោកត្រាំអាណត្តិមុនបាននាំឱ្យអាមេរិកខាត បង់ឱកាសការងារចំនួន២សែន៤ម៉ឺន៥ពាន់កន្លែង ។
បើមើលពីក្របខ័ណ្ឌទូទាំង ពិភពលោក សហរដ្ឋអាមេរិកដំឡើងពន្ធគយដោយ ឯកតោភាគី នឹងញ៉ាំងឱ្យរដ្ឋសមាជិក ពាណិជ្ជកម្មផ្សេងទៀត មិនពេញចិត្តយ៉ាងខ្លាំង រហូតដល់វាយបកទៅវិញ ។ បច្ចុប្បន្ននេះ កាណាដា ដែលត្រូវសហរដ្ឋអាមេរិកដំឡើង ពន្ធគយដូចគ្នាបានប្រកាសថា នឹងដំឡើងពន្ធគយ២៥ភាគរយ លើទំនិញរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃ១សែន៥ម៉ឺន៥ពាន់លានដុល្លារកាណាដា ។ ម៉ិកស៊ិកក៏បានថ្លែងថា នឹងចាត់វិធានការតបតវិញ ដែលនឹងដំឡើងពន្ធគយលើទំនិញអាមេរិក ដែលនាំចូលមកម៉ិកស៊ិកផងដែរ ។ សហគមន៍អន្តរជាតិបានព្រួយបារម្ភជាទូទៅថា ប្រសិនបើធ្លាក់ចូល ក្នុងវដ្ដសងសឹក និងប្រឆាំងការសងសឹកនោះ ប្រហែលនឹងបណ្តាលឱ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មសកល ដែលបង្អន់ល្បឿនកំណើន នៃសេដ្ឋកិច្ចសកល ។
សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយ គ្មានអ្នកឈ្នះទេ ។
ការព្យាបាលជំងឺ ក្នុងពីខាងក្រៅ និងទម្លាក់កំហុស ឱ្យគេគឺ មិនអាចដោះស្រាយបញ្ហា របស់សហរដ្ឋអាមេរិកបានទេ ។ រំពឹងថា ភាគីអាមេរិកអាច ប្រើក្រសែភ្នែក សត្យានុម័ត និងប្រកបដោយវិចារណញ្ញាណ ទៅមើលនិងដោះស្រាយបញ្ហារបស់ខ្លួន ដូចជាថ្នាំហ្វេនតានីលជាដើម កុំយកវាធ្វើជាលេស ដើម្បីប្រើល្បិច កលពន្ធគយ ទៅគំរាមកំហែងប្រទេសដទៃ ។ បើចិននិងអាមេរិកចុះសម្រុងគ្នា ទើបអាចទទួលផលប្រយោជន៍រួមគ្នា តែបើប្រយុទ្ធគ្នាវាមាន តែខាតបង់ទាំងសងខាង បទពិសោធន៍ប្រវត្តិសាស្ត្រនេះ នឹងត្រូវបានបញ្ជាក់ពីការពិតជាក់ស្តែងបន្តទៀត ៕