ព័ត៌មានជាតិ

វិធីសាស្រ្តការពារខ្លួន ពីឧបាយកលឆបោក ដោយការប្រើប្រាស់ AI

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រាប់ពីវិធីសាស្រ្តការពារខ្លួន ពីឧបាយកលឆបោក ដោយការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ស្របពេលដែលបច្ចេកវិទ្យា កំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើន ដែលជាបញ្ហាសកលកំពុងកើនឡើង គួរឱ្យកត់សម្គាល់ ។

សេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ៤ កុម្ភៈនេះបានឲ្យដឹងថា ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាក ក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ ។

ក្នុងនោះឧបាយកលឆបោក តាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចការប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ សឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់ , ការទាមទារស្នើសុំ ឬខ្ចីប្រាក់ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង , ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញ ទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ។

ដូច្នេះដើម្បីការពារខ្លួនពីការឆបោក រាល់ពេលទទួលបានការហៅទូរសព្ទ សារសំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ ត្រូវអនុវត្តវិធីសាស្ត្រ ដូចជា ៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណ របស់បុគ្គលនោះ ឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះ បើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ , ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលស្គាល់ , សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាព ដែលបានទាក់ទងគ្នាចុងក្រោយ ដែលគិតថាត្រូវតែដឹង , បង្កើនការប្រុងប្រយ័ត្ន ចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះអាចឱ្យជនខិលខូច យកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និងមិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យជាដាច់ខាត ៕

To Top