ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTV សម្ភាសន៍ស្តីពីមូលនិធិពិសេស របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ ។
នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរ ទាក់ទងនឹងការទម្លាក់ទុនពិសេស របស់រាជរដ្ឋាភិបាល តើបានជួយអ្វីខ្លះដល់វិស័យ កសិកម្មនោះ? លោកបណ្ឌិតប្រតិភូ បានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោល នយោបាយ របស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយ វិស័យកសិកម្ម ជាក់ស្តែង បើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវ ក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់ បច្ចុប្បន្ននេះ ឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជា យើងមានស្ថេរភាព និងកើនឡើងជាបន្តបន្ទាប់ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦ មានជាង៩លានតោន និងបានកើនឡើង ជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤។
ផលិតកម្មស្រូវ ដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃនិងលំនឹងជីវភាព របស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិនបើតម្លៃស្រូវមិនមាន ស្ថិរភាព ឬចុះថោកនោះ កសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក ហើយលក់មិន ដាច់ច្បាស់ណាស់ កសិករនឹងឈប់ធ្វើស្រែ ហើយទៅស្វែង រកការងារ ធ្វើនៅទីក្រុងឬក្រៅប្រទេស ជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)។
ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍ នៅក្នុងវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំណេញ ច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែង នាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។
សរុបជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ។ ហើយការវិវត្តន៍ជាវិជ្ជមាននេះ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណើនផ្នែកផលិតកម្មដែរ ដូចជាដំណាំចន្ទីរ ដំឡូងមី កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម ជាពិសេស វិស័យបន្លែ-ផ្លែឈើមានការចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៦។