ព័ត៌មានជាតិ

អ្នកវិភាគនៅកម្ពុជាមើលឃើញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ទៅទីផ្សារអន្តរជាតិនៅតែមានកំណើនល្អ

ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញរំពឹងថាការនាំចេញទៅបរទេស នឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ឬផលិតផលលើវិស័យផ្សេងៗទៀតនោះទេ គឺសុទ្ធសឹងតែកើតឡើងពីគោលនយោបាយ ច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាល ត្បិតការអនុគ្រោះពន្ធរបស់អាមេរិក មកលើកម្ពុជាត្រូវបានកាត់ផ្តាច់ជាយូរមកហើយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ត្រូវបានកាត់ផ្តាច់មួយចំនួន ក៏ប៉ុន្តែតួលេខនៃការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែមានកំណើនល្អគួរឱ្យកត់សម្គាល់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញនូវគោលនយោបាយ កំណើនសេដ្ឋកិច្ចតាមរយៈមិនពឹងផ្អែកលើ ប្រព័ន្ធអនុគ្រោះណាមួយរបស់បរទេស គឺជារឿងចាំបាច់របស់ប្រទេសកម្ពុជា សម្រាប់នាពេលខាងមុខទៀត។ លោកបណ្ឌិតថាតាមរយៈសមិទ្ធផល ទទួលបានកន្លងមកនេះបង្ហាញថាកម្ពុជាអាចធ្វើបាន កម្ពុជាអាចនៅរក្សាកំណើនការនាំចេញរបស់ខ្លួនបាន ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធ។ ទាំងនេះជាអ្វីដែលលោកបានវាយតម្លៃខ្ពស់ លើគោលនយោបាយការទូតសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។

បើទោះបីយ៉ាងណាក៏ដោយ លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ការធ្វើវិក្រឹតការការទូត និងរក្សាឱ្យបាននូវស្ថិរភាពនយោបាយសង្គម រក្សាឱ្យបាននូវបរិយាកាសវិនិយោគល្អនៅក្នុងប្រទេស គឺជារឿងចាំបាច់សម្រាប់និរន្តរភាព ស្ថិរភាពសេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសកម្ពុជា។ កិច្ចការទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើស្រាប់ ហើយលោកគាំទ្រយ៉ាងពេញទំហឹង ពីព្រោះវាជាឬសគល់លើការទាក់ទាញ អ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា និងបណ្តាប្រទេសបញ្ជាទិញមានទំនុកចិត្ត។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធនានារបស់ បរទេសមកលើប្រទេសកម្ពុជាចង់មិនចង់គឺមានសារសំខាន់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនអាច ពឹងពាក់យន្តការបែបនេះរហូតនោះទេ ពោលរាជរដ្ឋាភិបាលត្រូវតែ មានគោលនយោបាយផ្សេងៗទៀត ដើម្បីរក្សាកំណើននៃការនាំចេញ ក្នុងក្របខណ្ឌគ្មានការអនុគ្រោះពន្ធ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងមានការខិតខំប្រឹងប្រែង ហើយការនាំចេញរបស់កម្ពុជាមួយរយៈ ចុងក្រោយនេះមានភាពល្អប្រសើរផងដែរ។

លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា ការរក្សាអ្នកវិនិយោគចាស់ និងការទាក់ទាញវិនិយោគថ្មី គឺជារឿងចាំបាច់ណាស់សម្រាប់រក្សាកំណើនសេដ្ឋកិច្ច និងរក្សាបាននូវឱកាសការងារ នៅក្នុងស្រុកដល់ពលរដ្ឋបាន។ លើសពីនេះទៅទៀត ការរក្សាស្ថិរភាពនយោបាយ និងបរិយាកាសល្អលើការវិនិយោគបរទេស ក៏ជារឿងអាទិភាពសំខាន់បំផុតមួយដែរ ដើម្បីរក្សាកំណើននៃការនាំចេញរបស់កម្ពុជាទៅបរទេស។

គួរបញ្ជាក់ផងដែរ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោកជាប្រទេសដែល នាំចេញផលិតផលក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Garments, Footwears and Travel goods ដែលហៅកាត់ថា GFT) និងជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងតំបន់សហគមន៍អាស៊ាន បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។ ទំហំនៃការនាំចេញក្នុងវិស័យនេះ បានកើនទ្បើងក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ១១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និងប្រមាណជាង ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលតួលេខនេះស្មើនឹងប្រមាណជា ៥០% នៃការនាំចេញសរុបពីប្រទេសកម្ពុជា ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ១លាននាក់ និងផ្តល់អត្ថប្រយោជន៍ដល់ សមាជិកគ្រួសារកម្មករក្នុងវិស័យនេះ រួមទាំងប្រជាពលរដ្ឋទូទៅជិត ៣លាននាក់ផងដែរ៕

To Top