នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ក្នុងទីក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹង ប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព ។ ការផ្លាស់ប្តូរវប្បធម៌គឺជាស្ពានដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន សង្ឃឹមថាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងកៀហ្ស៊ីស៊ីស្ថាននឹងទទួលបាន ការអភិវឌ្ឍយ៉ាងផុលផុស។
លោកស្រីរំពឹងទុកថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន អាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ដើម្បីរួមគ្នាផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកស្រីZaparova បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយបានសម្តែងនូវឆន្ទៈ ក្នុងការជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងចិន សំដៅបន្តពង្រឹងចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)