ព័ត៌មានជាតិ

វិស័យសន្តិសុខ និង ការពារជាតិ កម្ពុជា-ឡាវ មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ឡើយ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ក្នុងវិស័យសន្តិសុខ និងការពារជាតិ កម្ពុជា-ឡាវ បន្តប្រកាន់ខ្ជាប់ គោលការណ៍ មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដី របស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ បានសម្តែង នូវការអបអរសាទរ លោកនាយករដ្ឋមន្រ្តី ចំពោះ ជោគជ័យក្នុងការបំពេញ តួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈលំបាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេច មិនស្ថិតក្នុងរាជរដ្ឋាភិបាល សម្តេច មានមោទនភាព និងវាយតម្លៃខ្ពស់ ចំពោះមិត្តភាព បងប្អូនល្អនៃប្រទេសយើងទាំងពីរ និង ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

សម្តេចតេជោ បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញទៅមករវាង បក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើន នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។

នាឱកាសនោះ សម្តេចតេជោ ក៏បានលើកជាអនុសាសន៍ថា «ប្រទេសយើងទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាតំាងពីជំនាន់ ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខនិងការពារជាតិ»។ សម្តេចតេជោ ក៏សង្ឃឹមថា «ជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទ ពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនា បងប្អូនល្អរបស់ប្រទេសយើងទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ»។ សម្តេច បានបន្ថែមថា «នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសយើងទាំងពីរត្រូវយកចិត្តទុកដាក់ និង បន្តប្រកាន់ខ្ជាប់គោល ការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដី របស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ»។

ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការ ថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ច ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។ សម្តេចតេជោ បានបន្ថែមថា ឥឡូវ ឱកាសឱ្យយើងឈានទៅមុខហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពលូតលាស់។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តីឡាវ បានថ្លែងអំណរគុណ សម្តេច ចំពោះវាយតម្លៃខ្ពស់លើកិច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានភាពជិតស្និទ្ធ និង គាំទ្រគ្នាទៅវិញទៅមក។ លោក ក៏សូមថ្លែងអំណរគុណការសួរសុខទុក្ខរបស់ សម្តេចបវរធិបតី និងគូសបញ្ជាក់ថាទំនាក់ទំនងទ្វេភាគី នឹងនាំមកនូវឧត្តមប្រយោជន៍ ជូនប្រជាជនទាំងពីរ ។

លោកនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។ លោក បានស្នើឱ្យភាគីប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែលមានឱ្យចេញរូបរាង។ លោក នាយករដ្ឋមន្រ្តី បានឯកភាពមតិ សម្តេចតេជោ លើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការ តភ្ជាប់រវាងប្រទេសទាំងពីរ។ លោក បានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសយើងទាំងពីរ។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ និង លោកនាយករដ្ឋមន្រ្តីឡាវ បានបន្តផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងសកលោក ជាពិសេស ភាពមិនប្រាកដប្រជា នៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃ ជាប្រចាំដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា ៕

To Top