ព័ត៌មានជាតិ

លោក ហួត ហាក់៖ ការកើនឡើងភ្ញៀវទេសចរជាតិ​ -អន្តរជាតិ កើតចេញពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈវិស័យនេះប្រទាក់ក្រឡា ទាំងរដ្ឋនិងឯកជន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងឆ្នាំ២០២៤កន្លងទៅ គឺជាលទ្ធផលដែលគួរជាទីមោទកៈ និងកើតចេញមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្រប់ផ្នែក គ្រប់ថ្នាក់ ពីព្រោះវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាំងរដ្ឋនិងឯកជន, ទាំងថ្នាក់ជាតិ, ក្រោមជាតិ, និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី៦កុម្ភៈ បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តថែរក្សាសន្តិភាពបានគង់វង្ស មានស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងការរក្សាការពារយ៉ាងគត់មត់ នូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យមានភាពរឹងមាំ ជាមួយនឹងការធានាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្មសង្គមជាតិ ដែលកត្តាទាំងអស់នេះហើយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ ។

លោក ហួត ហាក់ ក៏បានលើកឡើងនូវវិធានការគន្លឹះជាច្រើន ក្នុងនោះមានជាអាទិ៍ ការដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia E-Arrival, ការដាក់ឱ្យដំណើរការឡើងវិញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ការដាក់ ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, និងបានប្រគល់ភារកិច្ច ក្រសួងទេសចរណ៍ ដឹកនាំយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤”, យុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិង ប្រជាជន កម្ពុជា-ចិន ២០២៤”, និងយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»។ ជាមួយគ្នានេះ ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្តល់ភាពកក់ក្តៅ, ស្អាត, បៃតង និងភាពជាខ្មែរ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវគោលនយោបាយជាតិ, ផែនការមេ, ផែនការយុទ្ធសាស្ត្រ, ផែនការគាំទ្រ តាមអនុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្តង់ដាសម្រាប់សេវាកម្ម និងផលិតផលទេសចរណ៍ សំដៅអភិវឌ្ឍនិងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមួយវិធានគន្លឹះនានាខាងលើរបស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់​ របស់ក្រសួងទេសចរណ៍ ស្ថានភាពទេសចរណ៍របស់កម្ពុជា មានការវិវឌ្ឍប្រកបដោយលទ្ធផលវិជ្ជមាន ដោយនៅឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមណ ៦.៧ លាននាក់, កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣, ទេសចរជាតិប្រមាណ ២២.៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា “លទ្ធផលដែលគួរជាទីមោទកៈនេះ កើតចេញមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្រប់ផ្នែក គ្រប់ថ្នាក់ ពីព្រោះវិស័យទេសចរណ៍ ជាវិស័យ ដែលមានភាពប្រទាក់ក្រឡា ទាំងរដ្ឋនិងឯកជន, ទាំងថ្នាក់ជាតិ, ក្រោមជាតិ, និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការចំនួន ៥៖ (១) ជាមួយអន្តរក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ, (២) ជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ, (៣) វិស័យឯកជន ទាំងក្នុងស្រុក និងក្រៅស្រុក, (៤) កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេស ប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា /ស្ថានកុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក និង(៥) កិច្ចសហការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន, សំដៅនាំ កម្ពុជាទៅកាន់ពិភពលោក និងដើម្បីនាំពិភពលោកមកកម្ពុជាវិញ”៕

To Top