ភ្នំពេញ៖ តាមរយៈការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន មើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន។
កញ្ញា សាក់ ទិវា និស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា បន្ទាប់ពីកញ្ញាបានចូលទៅដាក់ពាក្យប្រើប្រាស់ សេវាស្វែងរកការងារធ្វើតាមរយៈ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងរួចមក ឃើញថាគឺមានភាពងាយស្រួល និងលឿនរហ័ស ដោយចំណាយពេលរង់ចាំប្រតិបត្តិការតែបន្តិចប៉ុណ្ណោះ។ កញ្ញាបន្តថា បន្ថែមពីភាពងាយស្រួលក្នុងការប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័តនេះ យើងក៏អាចទាញយកតាមរយៈ QR Code ដែលនៅជាប់នឹងតួបញ្ជរ ដើម្បីយកមកប្រើប្រាស់តាមរយៈទូរសព្ទដៃបានយ៉ាងងាយស្រួលបំផុត ផងដែរ។
និស្សិតមួយរូបទៀតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កញ្ញា រិន ជីញម៉ី ក៏បានលើកឡើងដែរថា កញ្ញាពិតជាសប្បាយចិត្ត និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាខ្លាំងដែលបានផ្ដួចផ្ដើមបង្កើតឲ្យ មានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដើម្បីផ្ដល់ផលប្រយោជន៍ពលរដ្ឋគ្រប់រូប ពិសេសសម្រាប់រូបកញ្ញាផ្ទាល់ ក៏ដូចជាសិស្សនិស្សិតដទៃទៀតនៅតាមគ្រឹះស្ថានអប់រំ ទទួលបាននូវភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសគឺអាចចុះឈ្មោះសិក្សាជំនាញ បណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀតផង និងនៅមានសេវាសាធារណៈជាច្រើនទៀត ដែលសុទ្ធសឹងតែជាព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា។
ទន្ទឹមនេះ លោក ណូច សុវិចារ ប្រធានមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រឹះស្ថានអប់រំមួយដែលទទួលបាន បញ្ជរសេវាសាធារណៈចល័ត ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយនោះ សាកលវិទ្យាល័យបានជំរុញលើកទឹកចិត្ត ជាពិសេសដល់សិស្សនិស្សិត ដែលមានបំណងស្វែងរកការងារធ្វើ មិនថាទាំងក្នុងនិងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឱ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត ឬតាមរយៈ QR Code។ ពោលគឺសាធារណជនគ្រប់គ្នានឹង ទទួលបាននូវការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានមុខងារសំខាន់ចំនួន ១០ ដែលមានដូចជា៖
១- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
២- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
៣- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
៦- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
៧- បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card)
៨- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង (Work Permit For Young Worker)
៩- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
១០. សេវាផ្សេងៗ (Other Services) រួមមាន សេវាពេទ្យការងារ សេវាចុះបញ្ជិកាគ្រឹះស្ថាន បណ្តុះបណ្តាល សេវាហត្ថពលកម្មបរទេស ស្វ័យប្រកាសអធិការកិច្ចការងារ ប្រអប់សំណូមពរ និងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារ៕