ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស នៅមជ្ឈិមបូព៌ាជាច្រើនទៀត បដិសេធគម្រោងផ្លាស់ប្តូរ ទីលំនៅតំបន់ហ្គាហ្សា របស់លោក ត្រាំ

គែរ៖ ប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា បានសម្តែងការបដិសេធរបស់ពួកគេ ចំពោះសំណើរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅរបស់ពួកគេទៅកន្លែងផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃអង្គារ លោក ត្រាំ បានស្នើថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់តំបន់ហ្គាហ្សា និងអភិវឌ្ឍវាឡើងវិញ បន្ទាប់ពីជនប៉ាឡេស្ទីនត្រូវបានផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។ លោកបានធ្វើការកត់សម្គាល់ទាំងនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅឯសេតវិមានជាមួយនឹងដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

បណ្ដាប្រទេសអារ៉ាប់ និងមូស្លីមជាច្រើនបានសម្តែង ការប្រឆាំងនឹងគំនិតនៃការផ្លាស់ប្តូរលំណៅដ្ឋាន របស់ជនជាតិហ្គាហ្សាពីប្រទេសកំណើតរបស់ពួកគេ។ ប្រធានាធិបតីប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប៉ាឡេស្ទីន និងដី ប្រវត្តិសាស្រ្ត និងទីកន្លែងសក្ការៈរបស់ពួកគាត់ គឺមិនមែនសម្រាប់លក់ទេ ដោយសង្កត់ធ្ងន់ថាសិទ្ធិរបស់ ប្រជាជនប៉ាឡេស្ទីនមិនអាចចរចារ ឬសម្របសម្រួលបាននោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ប្រជាជនប៉ាឡេស្ទីន ដែលបានលះបង់យ៉ាងធំធេង ក្នុងការការពារសិទ្ធិជាតិរបស់ពួកគេ នឹងមិនបោះបង់ចោលសូម្បីតែមួយអ៊ីញ នៃទឹកដីរបស់ពួកគេ រួមទាំងតំបន់ហ្គាហ្សា តំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត”។

លោកបានទទូចថា ដំណោះស្រាយណាមួយដែលបានស្នើឡើងត្រូវតែស្របតាមភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។ ប្រទេសអេហ្ស៊ីប បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសហការជាមួយដៃគូអន្តរជាតិ និងសម្ព័ន្ធមិត្តដើម្បីអនុវត្តផែនការ សម្រាប់ការស្តារឡើងវិញ នៅដំណាក់កាលដំបូងរបស់ហ្គាហ្សា ការដកកម្ទេចថ្ម និងការកសាងឡើងវិញក្នុងរយៈពេលជាក់លាក់មួយ។

ផែនការនេះនឹងត្រូវបានអនុវត្តខណៈដែលប៉ាឡេស្ទីន នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមិនព្រមផ្លាស់ទីលំនៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍ក៏បានច្រានចោលនូវ “សំណើរ ឬចក្ខុវិស័យណាមួយ” ដែលស្វែងរកការដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយការដកយកចេញនូវប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅពួកគេចេញពីទឹកដីប្រវត្តិសាស្ត្ររបស់ពួកគេ ឬការរឹបអូសយកទឹកដីនោះ ទោះបីជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ខណៈពេលដែលបញ្ជាក់ថា អេហ្ស៊ីប នឹងមិនមែនជា “ភាគីនៃសកម្មភាពបែបនេះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top