ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈ ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ។
តាមរយៈសេចក្តីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាព នានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។
ជាមួយគ្នានេះ នាពេលកន្លងមកទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏នៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូចដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរ កើតមាន ដោយសកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាពនិងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់រយៈ ពេលវែងដល់អនាគតនៃបុគ្គលដែលបានប្រព្រឹត្តខុសគន្លង។
ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់ បងប្អូន កូនចៅ ក្នុងគោលដៅ ប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សាការពារ»៕