ព័ត៌មានជាតិ

ចាប់ផ្តើម ដោះស្រាយផលប៉ះពាល់ ពីគម្រោង ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាគ្នាជុំវិញ ការចាប់ផ្តើមដោះស្រាយ ផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងពេលដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងបញ្ចប់កំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

ការចាប់ផ្តើមរកដំណោះ ស្រាយនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាលើការ អនុវត្តការងារដោះស្រាយ ផលប៉ះពាល់ដោយសារ គម្រោងព្រែកជីក ហ្វូណន តេជោកំណាត់ទី១ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្ដាល មានការចូលរួមពីលោក ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងតំណាងបច្ចេកទេស មកពីក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងធនធានទឹក កាលពីថ្ងៃទី១០ កុម្ភៈ ។

ក្នុងវេទិកាពិភាក្សានេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងក្រុមការងារអនុវត្តគម្រោង អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នឹងចុះផ្ទាល់ជាមួយអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផល ប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមក្ដីរំពឹងថា តាមរយៈគម្រោងប្រវត្តិសាស្រ្តនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ៕

To Top