ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹង​ ការអនុវត្តវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស ។ លោករដ្ឋលេខាធិការ បានជំរុញបែបនេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញមានករណីអគ្គិភ័យ កើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធានការ បង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖

ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យ ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច
ទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និងប្រព័ន្ធផ្សេងៗដែលអាចដឹងពីភ្លើងឆេះបាន
ទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ
ទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា
ទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ
ទី៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ
ទី៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill) ជាប្រចាំ
ទី៨. រៀបចំសម្ភារៈដែលងាយឆាបឆេះទុកនៅកន្លែងដែលមានសុវត្ថិភាព
ទី៩. ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិកពេលមានគ្រោះអគ្គិភ័យ
ទី១០. មានប្រព័ន្ធសំឡេងរោទ៍អគ្គិភ័យដើម្បីជូនដំណឹងឱ្យបុគ្គលិកចាកចេញឱ្យទាន់ពេល។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានក្រើនរំលឹកសារជាថ្មី ដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្ត ដូចជា មិនត្រូវប៉ះពាល់ខ្សែបណ្តាញ អគ្គិសនីនាំឱ្យរងគ្រោះ និងមិនត្រូវដោតឧបករណ៍ច្រើនពេកក្នុងឧបករណ៍ភ្លើងតែមួយ, ពិនិត្យ និងថែរក្សារបណ្តាញភ្លើងជាទៀងទាត់ ដើម្បីកុំឱ្យមានការរលុង ឬខូចខាត, បិទឧបករណ៍អគ្គិសនីក្រោយពេលប្រើប្រាស់ និងមិនទុកឱ្យម៉ាស៊ីនដំណើរការដោយគ្មានការត្រួតពិនិត្យ, រក្សាទុកសារធាតុផ្ទុះ ឬឆេះឆាបឱ្យបានត្រឹមត្រូវ និង នៅក្នុងកន្លែងមានសុវត្ថិភាព, ត្រូវរៀនវិធីប្រើឧបករណ៍បាញ់ពន្លត់អគ្គីភ័យ, សម្អាតធូលី ឬសំណល់សារធាតុងាយឆេះ ជាទៀងទាត់, គ្រប់គ្រងផ្លូវចេញចូលឱ្យមានភាពងាយស្រួលក្នុងករណីមានហានិភ័យ, រៀនអំពីផែនការចេញឆាប់រហ័សក្នុងករណីមានអគ្គិភ័យ។ ក្នុងករណី មានការចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតី ដូចជា ធូលីច្រើន, ក្លិនឆ្អើរ, ឧបករណ៍អគ្គិសនីខូចជាដើម ត្រូវរាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ និងចូលរួមចំណែកក្នុងការទប់ស្កាត់ អគ្គិភ័យដោយការពារតាមស្តង់ដារសុវត្ថិភាព៕

To Top